ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកធាក់ស៊ីក្លូ និងពលរដ្ឋក្រីក្រ ប្រមាណជាង ៣០០ នាក់ ទទួលអំណោយ និងកាត់សក់ ដោយឥតគិតថ្លៃ ពីសមាគមមិត្តយើង ដើម្បីចូលរួមរំលែកការខ្វះខាតជីវភាពប្រចាំថ្ងៃរបស់ពួកគាត់

52

ភ្នំពេញ៖ សមាគមមិត្តយើង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី៣០ខែ វិច្ឆិកាឆ្នាំ២០២២ នេះ បានបន្តយុទ្ធនាការមនុស្សធម៌របស់ខ្លួន ក្រោមប្រធានបទ “សក់ និងសម្រស់របស់មិត្តយើង”ជាលើកទី៣ ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត់ ដោយពុំគិតប្រាក់។

កញ្ញា ផាន់ សុនីតា ប្រធានសមាគមមិត្តយើង បានលើកឡើងថា នេះជាលើកទីបីហើយ ដែលសមាគមមិត្តយើងរៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬ ជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ ពោលកម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

កញ្ញាសុនីតា លើកឡើងបន្តថា ថ្ងៃនេះសមាគមបាននាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត។
ប្រធានសមាគមខាងលើបានឲ្យដឹងថា សមាគមមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នកដែលមានជីវភាពខ្វះខាត។ កម្មវិធីបីលើកមកនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូនដែលមានជីវភាពខ្វះខាតជាង១ពាន់នាក់ ជាមួយគ្នានោះយើងមិនត្រឹមតែផ្តល់ការកាត់សក់ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយមានដូចជាអង្ករ និងសម្ភារៈមួយចំនួនជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលក្នុងកម្មវិធីបីលើកនេះយើងបានផ្តល់កញ្ចប់ជំនួយដល់ពួកគាត់ប្រមាណជាង១ពាន់កញ្ចប់ នេះមិនរួមបញ្ចូលសកម្មភាពផ្សេងៗ ដែលសមាគមយើង បានធ្វើកន្លងមកនោះទេ។

សូមជម្រាបថា បន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើង ក៏មានការចែកជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមនាពេលនេះ ដោយក្នុង ១នាក់ ទទួលបានកញ្ចប់ជំនួយ១កញ្ចប់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ៕

 

អត្ថបទដែលជាប់ទាក់ទង