បុរសម្នាក់ស្រវឹងស្រា បើករថយន្តម៉ាក LEXUS NX200t បុកម៉ូតូរបួស ៣នាក់ ត្រូវដោះស្រាយបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ធ្ងរនោះ ត្រូវបានដោះស្រាយបញ្ចប់រវាងភាគីជនរងគ្រោះ និងអ្នកបើករថយន្តបង្ក ដោយបានភាគីទាំងអស់ បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ។
បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក ពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បន្ទាប់មករថយន្តបើករត់គេចពីកន្លែងកើតទៅដល់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត និងអ្នកបើកបរយកមកការិយាល័យចរាចរណ៍ផ្លូវគោក ។
•ភាគីរថយន្តម៉ាក ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២២ )
• ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ ៖ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួស ធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា០២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ។
ម្យ៉ាងវោញទៀត ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ៖ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វើការផាកពិន័យចំនួន ២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ។
ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថារាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដើម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ល។ ចំណែកឯភាគីទាំង២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ ៕