ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ ប៉ុន្តែអាចនៅជួបឧបសគ្គច្រើនទៀត

51

ភ្នំពេញ៖ របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២២ និយាយ​ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អបន្ទាប់ពីការផ្ទុះជំងឺកូវីដ-១៩ ប៉ុន្តែកត្តាអវិជ្ជមាននានាដែលកំពុងកើតឡើង​លើសកលលោក អាចបង្កហានិភ័យដល់ទស្សនវិស័យវិជ្ជមានសម្រាប់​កំណើន​ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

​​នៅក្នុង​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ​២០២២ ធនាគារពិភពលោក​ព្យាករថា កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច ៤,៨ភាគរយនៅក្នុង​ឆ្នាំ២០២២ ក្នុងនោះ​ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសម័យមានជំងឺរាតត្បាតមាន​សន្ទុះ​កើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជានៅរក្សា​បាន​ភាពស្វិតស្វាញ​របស់​ខ្លួន​។ វិស័យសេវាកម្ម ជាពិសេសផ្នែក​ធ្វើដំណើរនិងទេសចរណ៍ មានដំណើរការ​បានល្អក្រោយពេលរដ្ឋា​ភិបាល​ដាក់ចេញនូវយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” នាចុងឆ្នាំ២០២១ ហើយចំនួន​សរុបនៃការមកដល់របស់​ភ្ញៀវអន្តរជាតិបានកើនឡើងជាលំដាប់ រហូតដល់ទៅ ១,២លាននាក់ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២។ ទំនុកចិត្តរបស់ធុរកិច្ច​និង​អ្នកប្រើប្រាស់បានកើនឡើង អម​ដោយ​ការ​កើនឡើងនៃការវិនិយោគក្នុងប្រទេស​ និងពីក្រៅប្រទេសផងដែរ។

កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើន ៥,២ភាគរយនៅឆ្នាំ២០២៣ ព្រោះថា​កំណើននៃការជួលមនុស្សធ្វើការនឹងកាន់តែជួយដល់ការកើនឡើងនៃការទទួលទានប្រើប្រាស់ក្នុងស្រុក អមដោយការធ្លាក់ចុះនៃអតិផរណា។

ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យសម្រាប់មានកំណើនលឿនជាងនេះ នៅប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ ដោយសារតែការវិវត្តសភាពការណ៍នៅក្រៅព្រំដែនរបស់​កម្ពុជា។

កម្ពុជា​មាន​សេដ្ឋកិច្ចទំហំ​តូច​ដែល​បើក​ចំហ​ចំពោះការធ្វើ​​ពាណិជ្ជកម្មនៅខាងក្រៅ និង​ការ​វិនិយោគ​ពីបរទេស ហើយ​ទស្សនវិស័យ​កំណើន​ពិភពលោក​នៅមាន​សភាព​អាប់អួរ។ កំណើនពាណិជ្ជកម្មសកលបានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២២ ហើយត្រូវបានព្យាករថានឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាងាយរងគ្រោះណាស់ ជាពិសេសនៅពេលអតិផរណាកើន, ពិភពលោកមានកំណើនសេដ្ឋកិច្ច​យឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ​ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់។

វិស័យផលិតកម្មរបស់កម្ពុជាពឹងផ្អែកលើទីផ្សារនាំចេញដើម្បីរីកចម្រើន ហើយវានឹងរងផលប៉ះពាល់ជាអវិជ្ជមានខ្លាំង កាលណាកំណើនយឺតៗ​កាន់តែអូសបន្លាយពេលនៅក្នុងទីផ្សារនាំចេញដ៏ធំបំផុតពីររបស់ខ្លួន គឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ដូចគ្នានេះដែរ ការវិនិយោគនិងលំហូរមូលធនទំនងជានឹងថយចុះ ដោយសារការធ្លាក់ចុះបន្តិចម្តងៗនូវទុនពីប្រទេសចិន ដែល​ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់កម្ពុជាមក​ទល់​ពេលនេះ។

លោកស្រី ម៉ារៀម ស័រមែន នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ មានប្រសាសន៍ថា ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួនពីផលប៉ះទង្គិចពីការធ្លាក់ចុះនៃតម្រូវការនៅក្រៅប្រទេស​ កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួនសម្រាប់​ពិភពលោក។

លោកស្រី ស័រមែន ​ថ្លែងបន្តថា​៖ «ប្រាក់​ចំណូល​បាន​កើន​ឡើង​ ដោយ​សារ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ភាព​ប្រសើរ​ឡើងនៃ​ផ្នែក​រដ្ឋបាល​។ ​ការពង្រីក​មូលដ្ឋាន​ពន្ធ​នឹង​ជួយ​ធានាបាន​នូវ​ធនធាន​ចាំបាច់សម្រាប់​លើកកម្ពស់​​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និងសម្រាប់​ទប់ទល់សភាពការណ៍នៅពេលមាន​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​។ វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ​គឺ​ជា​ផ្នែកដ៏​មាន​សក្ដានុពល​សម្រាប់​កំណើនទៅថ្ងៃមុខ។»

ឆ្ពោះទៅអនាគតវែងឆ្ងាយ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងបន្តឈានទៅដល់អត្រាកំណើនប្រហែល ៦ភាគរយ នៅពេលដែលទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបង្កើនអនុភាពកាន់តែរឹងមាំ។ ការចូលរួមរបស់កម្ពុជា​នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ ក៏អាចជំរុញវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផល ឱ្យ​កាន់តែមានសន្ទុះឡើងទៀតដែរ។

ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ ​បាន​ពិនិត្យមើលផលប៉ះពាល់នៃអតិផរណាទៅ​លើភាពក្រីក្រ។ ផ្នែកនេះរំលេចពីតម្រូវការដើម្បីការពារជនងាយរងគ្រោះបំផុត ជាមួយគ្នា​នឹងការពង្រីកកម្មវិធីគាំពារសង្គមបណ្តោះអាសន្នដែលបានកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន។

របាយការណ៍បច្ចុប្បនភាពសេដ្ឋកិច្ចកម្ពុជា ផ្តោតសំខាន់លើ​ការវិវត្តនៃស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​រយៈពេលខ្លី និង​មធ្យម ហើយចេញ​ផ្សាយ​ពីរដងក្នុងមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង