ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ជូនក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខចំនួន ៥ រួមទាំង “ពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី” ចំនួន ១ម៉ឺនដុល្លារ/ក្រុមហ៊ុន

44

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅអគាររ៉ូយ៉ាល់ត្រេនសឃ្វែរ (Royal Train Square) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ (Cambodia Digital Awards 2022)ដោយមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គ្រឹះស្ថានសិក្សា ធុរជន និងអ្នកបច្ចេកវិទ្យាជាច្រើនរូប។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្មវិធីពានរង្វាន់ថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនុវានុវត្តន៍ឌីជីថលនៅកម្ពុជា។ ជាក់ស្ដែងកាលពីឆ្នាំ២០២១ ក្រុមហ៊ុនPillTech ដែលបានឈ្នះពានរង្វាន់នេះ និងដោយមានការគាំទ្រនិងជ្រោមជ្រែងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាចឈានទៅឈ្នះ “ពានរង្វាន់បចេ្ចកវិទ្យាគមនាគមន៍និងពត៌មានអាស៊ាន២០២១” និងទទួលបានធនធានបន្ថែមល្អៗសម្រាប់ការរីកចម្រើន។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីផែនការសំខាន់ៗរបស់ក្រសួងក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ការពង្រឹងគុណភាពសេវាកម្មនិងពង្រីកការគ្របដណ្ដប់នៃបណ្ដាញទូរសព្ទចល័តនិងអ៊ីនធឺណិតនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចនូវគំនិតផ្ដួចផ្ដើមថ្មីៗមួយចំនួនដែលផ្ដោតទៅលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍទេពកោសល្យឌីជីថល និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ភាគីទាំងអស់ ដែលខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំក្រសួង CADT ចៅក្រម ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Huawei Technologies (Cambodia) ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងប្រគល់ជូនពានរង្វាន់ និងលិខិតសរសើរជូនដល់ក្រុមហ៊ុន/ស្ថាប័នបច្ចេកវិទ្យាជ័យលាភីចំនួន៥ រួមមាន៖
– ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ត្រូវបានផ្តល់ជូន “ EdTech Video ” របស់ E-School Cambodia
– ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the Year) ត្រូវបានផ្តល់ជូន “ The Khmer Identification Card (ID) OCT API ” របស់មជ្ឈមណ្ឌលធុរកិច្ចថ្មី “ តេជោ ” (Techo Startup Center)
– ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the Year) ត្រូវបានផ្តល់ជូន “ EZECOM Mobile App ” របស់ក្រុមហ៊ុន EZECOM
– ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the Year) ត្រូវបានផ្តល់ជូន “ CarnetDia App ” របស់ក្រុមហ៊ុន CarnetDia
– ពានរង្វាន់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សម្រាប់ធុរកិច្ចថ្មី (Minister of Post and Telecommunication Startup Award) ដែលពានរង្វាន់ពិសេស មានទឹកប្រាក់ ១ម៉ឺនដុល្លារ សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្កើតធុរកិច្ចថ្មីឌីជីថល ការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងប្រទេស ដែលត្រូវបានផ្តល់ជូន ” CheckinMe App ” របស់ CheckinMe ។

សូមបញ្ជាក់ជូនថា ជ័យលាភីទាំង ៥ នេះ ត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដាក់ពាក្យ ១៧២ ស្ថាប័ន ដោយគណៈកម្មការជំនាញ មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសិក្សា ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៤ ចំណុចគឺការច្នៃប្រឌិតបច្ចេកវិទ្យា ការដោះស្រាយបញ្ហា ប្រសិទ្ធភាពនៃប្រតិបត្តិការ និងយុទ្ធសាស្ត្រទីផ្សារ។

អត្ថបទដែលជាប់ទាក់ទង