ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ, ការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និង ការតភ្ជាប់ពីតំបន់មួយទៅ តំបន់មួយ ទាំងការតភា្ជប់តាមផ្លូវគោក និង តាមផ្លូវដែក និង តាមផ្លូវអាកាស
ព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបើកបុណ្យសមុទលើកទី ៩ ជុំទី ៣ ក្រោមប្រធានបទ៖ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម » ខេត្តព្រះសីហនុ, ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២។ ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួង ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, រដ្ឋបាលខេត្តព្រះសីហនុ និង វិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យ សមុទ្រ លើកទី ៩ បន្ទាប់ពីការខកខានរយៈពេល ៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍, កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងក្តីសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិ អាចនឹងត្រលប់ទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ- ១៩ ចំនួន ៧ លាននាក់ នៅឆ្នាំ ២០២៦ ឬឆ្នាំ ២០២៧ ។ ជាការពិត, រាជរដ្ឋាភិបាលបានចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និង ថែរក្សាការពារបរិស្ថាន និង ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់, ពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ទៅ ជា «កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០» និង «ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០» ។
ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់តាំងពីឆ្នាំ ២០១១ ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ របស់តំបន់ឆ្នេរសមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់ លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា គ្រប់ដណ្តប់លើ ខេត្តទាំង ៤ រួមមាន ខេត្ត ព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និង ខេត្តកែប ក្រោមឈ្មោះរួមមួយថា «ឆ្នេរសមុទ្រកម្ពុជា» និង ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ។
ឆ្នេរសមុទ្រដ៏ស្អាតនេះ គឺបានបំពេញបន្ថែមទៅឱ្យប្រាង្គប្រាសាទរាប់ពាន់របស់យើង ដែលដូនតាយើង អតីតព្រះមហាក្សត្របានបន្សល់ទុក ។ បន្ថែមពីលើឆ្នេរសមុទ្រនេះ, តំបន់ទេសចរណ៍ ជាច្រើន ដូចជានៅភូមិភាគឦសាន្ត និង នៅផ្នែកដទៃទៀត ក៏បាននិងកំពុងកើតឡើងយ៉ាងច្រើន ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះការសម្រេចបញ្ចូល ក្បាច់កុនល្បុក្កតោ ទៅក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅប្រទេសម៉ារុក ថ្មីៗកន្លងទៅ ។
ក្នុងបរិបទនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធ ពិធីបុណ្យសមុទ្រ ដែលមិនត្រឹមតែរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ។ ជាការពិតសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» (The Rising Star of the Southwest) គឺមានលក្ខណៈលេចធ្លោមានភាពសម្បូរបែប ដែលអំណោយផលដល់ ការអភិវឌ្ឍទេសចរណ៍នៅក្នុងតំបន់នេះ ។ ការរីកចម្រើនទាំងនេះ មិនអាចកាត់ផ្តាច់ចេញពីកត្ត សន្តិសុខ ពោលគឺបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសុខសន្តិភាព, ស្ថិរ- ភាពនយោបាយ និង សុខសុវត្ថិភាពពេញលេញ ។
ឈរលើមូលដ្ឋានទាំងអស់នេះ, ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាមិនមែនធ្វើឡើងសម្រាប់ តែបច្ចុប្បន្ននោះទេ ប៉ុន្តែ យើងបានគិតគូរវែងឆ្ងាយទៅដល់អនាគត ជាមួយនឹងផែនការច្បាស់លាស់, ពិសេសស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរទាំងលើសេដ្ឋកិច្ច, សង្គម និង បរិស្ថាន ។ ជាមួយគ្នានេះដែរ, យើងក៏បានផ្តល់នូវសារៈសំខាន់ក្នុង ការក្សាភាពស្អាត និង បៃតង ។ ក្នុងន័យនេះ, ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឱ្យ មាន ការអភិវឌ្ឍទីក្រុងស្អាត/ទីក្រុងបៃតង, ឆ្នេរសមុទ្របៃតង និង កោះបៃតង ស្របតាមទស្សនទាន «ការអភិរក្សដើម្បីការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការអភិរក្ស» ។
ឆ្លៀតក្នុងពិធីអបអរសាទរបុណ្យសមុទ្រឆ្នាំ ២០២២ នេះ, ខ្ញុំសូមលើកនូវអនុសាសន៍សំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
ទី១៖ ដូចដែលបានលើកឡើងនាឱកាសពិធីបើកមហាសន្និបាតព្រឹកមិញនេះ, យើងត្រូវ រក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុច ដែលទាក់ទងជាមួយការអភិវឌ្ឍ នៃបណ្តាប្រជាជាតិនៅលើសកលលោក ។ ឥឡូវនេះ, កម្ពុជាចាប់ផ្ដើមទទួលភ្ញៀវជាតិ និង អន្តរជាតិនៅគ្រប់ទីកន្លែងទាំងអស់ជាបណ្តើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យលើសមរភូមិជំងឺកូវីដ-១៩ ។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ, គ្មានសន្តិភាព វាក៏គ្មានការគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ហើយបើគ្មានសន្តិភាព វាក៏គ្មានអ្វីៗទាំងអស់ ។ ដូច្នេះ, ខ្ញុំសុំស្នើឱ្យប្រជាពលរដ្ឋកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជារួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាព ដែលយើង រកបានទាំងលំបាក និង មិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញ សន្តិភាពនៅក្នុងប្រទេសនេះទេ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នាត្រូវរក្សា សន្តិភាពនេះឱ្យខានតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ ។
ទី២៖ នៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និង សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក, ខ្ញុំក៏សូមស្នើជាថ្មីម្តងទៀតឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង ៤ រួម ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ត្រូវរួបរួមគ្នារក្សាឱ្យបាននូវកិត្តិនាមជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និង ឱ្យស័ក្ដិសមជាមួយ នឹងការទទួលបាននូវកិត្តិនាមជា «តារារះនាទិសនិរតី» ។
ទី៣៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ឆ្នេរ, ការកសាង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យវិស័យទេសចរណ៍ និង ការតភ្ជាប់ពីតំបន់មួយទៅ តំបន់មួយ ទាំងការតភា្ជប់តាមផ្លូវគោក និង តាមផ្លូវដែក និង តាមផ្លូវអាកាស ។
ទី៤៖ ត្រូវជំរុញការផលិត ដើម្បីផ្គត់ផ្គង់ដល់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹង កន្លែង» ។ ប្រជាពលរដ្ឋរបស់យើងមានឱកាសច្រើនណាស់ ដើម្បីចិញ្ចឹម និង បំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងត្រលប់មកកម្ពុជាវិញជាបណ្តើរៗ រួមជាមួយនឹងទេសចរក្នុងស្រុករាប់លាននាក់ផងដែរ ។ យើងត្រូវខិតខំជំរុញការផលិត ឱ្យត្រឹមត្រូវតាមស្តង់ដារបម្រើឱ្យវិស័យទេសចរណ៍, ពិសេសត្រូវបង្កើតឱ្យមានខ្សែក្រវាត់ បៃតងនៅក្នុងតំបន់ទេសចរណ៍ ។
ទី៥៖ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ។ សន្តិភាព ជាក្របខណ្ឌម៉ាក្រូ ឯបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម វាជាក្របខណ្ឌម៉ាក្រូផង និង មីក្រូផង ។ ក្នុងន័យនេះ, តំបន់ទេសចរណ៍ទាំងអស់មិនគ្រាន់តែខេត្តព្រះសីហនុ ។ តែតាមបណ្តាខេត្តជាប់មាត់សមុទ្រ និង គ្រប់ទីកន្លែង ដែលមានភ្ញៀវទេសចរទៅ គឺ ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ។
ទី៦៖ ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន្តពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និង វិស័យឯកជន ចូលរួមឱ្យ បានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ប្រកបដោយភាពជោគជ័យ និង ចូលរួមឱ្យកាន់តែសកម្មក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត, រមណីយដ្ឋានស្អាត, សេវាល្អ, បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សា សោភ័ណភាពអនាម័យ និង បរិស្ថាន ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុង ការថែរក្សាតំបន់ឆ្នេរសមុទ្រឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅ ជំនាន់ក្រោយ ។
ជាថ្មីម្ដងទៀត, ក្នុងនាមរាជរដ្ឋាភិបាល, សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា សូមបញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង លើកិច្ចការពារ និង អភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបមើ ឱ្យការអភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយយើងត្រូវរួមគ្នា “រួមគិត, រួមធ្វើ, រួមទទួល ខុសត្រូវ» ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជា បន្តជាឆ្នេរសមុទ្រដែលស្អាតលើសកលលោក និង ជា «តារារះ នាទិសនិរតី» ៕