ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួមនៃការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា

71

 

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត នាពេលឆាប់ៗខាងមុខ និងដើម្បីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia-Australia Partnership for Resilient Economic Development, CAP RED) Program, នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងជំនួបសម្ដែងការគួរសមដើម្បីជម្រាបលាខាងលើ ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី បានសម្ដែងនូវសេចក្តីរីករាយ និងអបអរជាថ្មី ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅថ្ងៃទី ១៣-១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ។ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងនូវមោទនភាពចំពោះសមិទ្ធផល ដែលសម្រេចបានជាផ្លែផ្ការបស់រដ្ឋាភិបាលទាំងពីរ ក្នុងអាណត្តិ បេសកកម្មការទូតរបស់ឯកឧត្តម ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស ការសម្រេចបាននូវការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ជួយកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យ កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ការគាំពារសង្គម, សកម្មភាពកំចាត់មីននៅកម្ពុជា, ការចូលរួមប្រយុទ្ធប្រឆាំង នឹងជំងីកូវីដ-១៩, ថាមពលស្អាត និងការវិនិយោគបៃតង, និងការជួយរៀបចំសេចក្តីព្រាងឯកសារគោលនយោបាយមួយ ចំនួនទៀត ។ល។

ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី បានជម្រាបថា កម្មវិធី CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:មូលនិធិពី ក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទាន ឥតសំណងចំនួនប្រមាណ ៨៧ លាន ដុល្លារអូស្ត្រាលី (ប្រមាណ ៦៥ លាន ដុល្លារអាមេរិក) សម្រាប់រយៈពេល ៥ ឆ្នាំគិតចាប់ពីខែមិថុនា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៧ ។ កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព, ភាពគន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣. កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ការទូតប្រកបដោយជោគជ័យរបស់ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ។ ទន្ទឹមនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខុមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងពេលអន្តរកាលនេះ ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះ ចំណងការទូតរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស តាមរយៈកិច្ចខិតខំរបស់ឯកឧត្តមឯកអគ្គរាជទូត Pablo Kang រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពគន់ (Subsidiary Arrangement for CAP RED Program) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ នេះ ។ កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារគោលសម្រាប់រៀបចំយន្តការ ជាក់ស្តែង ដើម្បីឈានដល់ការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួមនៃការផ្ដល់ ហិរញ្ញប្បទានឥតសំណងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវការវាយតម្លៃខ្ពស់សារជាថ្មីចំពោះ ការបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យរបស់ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពូជា និងបានជូនពរឯកឧត្តមឯកអគ្គរាជទួត ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មថ្មីខាងមុខ និងបានសម្តែងនូវភាព សុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជា នឹងកាន់តែរឹងមាំ និងផ្តល់លទ្ធផលជាផ្លែផ្កា ទាំងក្នុងក្របខណ្ឌ ទ្វេភាគី, ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ៕

អត្ថបទដែលជាប់ទាក់ទង