ចិនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ សរុប១៨គ្រឿង ចូលតំបន់ការពារអាកាសរបស់តៃវ៉ាន់
តៃប៉ិ៖ ទីក្រុងតៃប៉ិបានឱ្យដឹងនៅថ្ងៃអង្គារនេះ ចិនបានចល័តយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរច្រើនមិនធ្លាប់មាន គឺរហូតដល់ ១៨គ្រឿងចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ឬហៅកាត់ថា ADIZ របស់តៃវ៉ាន់ ខណៈភាពតានតឹងនៅតែបន្តក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា យន្តហោះយោធាចិនសរុបចំនួន២១គ្រឿង បានហោះចូលមកកាន់ភាគនិរតីនៃតំបន់ ADIZ របស់ខ្លួន កំលុងរយៈពេល២៤ម៉ោងចុងក្រោយ ដោយក្នុងនោះរួមមានទាំងយន្តហោះ ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរធុន H-6 ចំនួន១៨គ្រឿង។ វាជាការចល័តយន្តហោះ H-6 ចំនួនច្រើនបំផុតក្នុងរយៈពេល១ថ្ងៃ គិតចាប់តាំងពីទីក្រុងតៃប៉ិ ចាប់ផ្តើមបញ្ចេញទិន្នន័យប្រចាំថ្ងៃស្តីពីបញ្ហានេះ កាលពីខែកញ្ញា ឆ្នាំ២០២០មក។
យន្តហោះ H-6 គឺជាយន្តហោះទម្លាក់គ្រាប់បែកស្នូលរបស់យោធាចិន។ ជាធម្មតា ចិនកម្រនឹងបញ្ជូនយន្តហោះ H-6 លើស៥គ្រឿង ក្នុងរយៈពេល១ថ្ងៃណាស់ ប៉ុន្តែវាបានកើនឡើងគួរឱ្យកត់សម្គាល់ នៅមួយរយៈចុងក្រោយនេះ។ ពេញមួយខែវិច្ឆិកាកន្លងទៅ ចិនបានបញ្ជូនយន្តហោះ H-6 សរុប២១គ្រឿងឱ្យហោះចូលតំបន់ ADIZ របស់តៃវ៉ាន់។ រីឯសម្រាប់ខែធ្នូនេះវិញ គឺតួលេខស្ថិតនៅចំនួន២៣គ្រឿង រួចស្រេចទៅហើយ ខណៈទើបតែជិតពាក់កណ្តាលខែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនសុទ្ធតែមានតំបន់ ADIZ រៀងៗខ្លួន រួមទាំងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និងចិន ហើយវាខុសគ្នាពីតំបន់ដែនអាកាសអធិបតេយ្យ។ តំបន់ ADIZ លាតសន្ធឹងហួសពីតំបន់ដែនអាកាស ដើម្បីឱ្យយន្តហោះបរទេសដែលចូលមកក្នុងតំបន់នេះ អាចប្រកាសពីអត្តសញ្ញាណរបស់ខ្លួនប្រាប់ដល់ អាជ្ញាធរអាកាសចរណ៍ប្រចាំតំបន់។ សម្រាប់តំបន់ ADIZ របស់តៃវ៉ាន់ គឺមានទំហំធំឆ្ងាយជាង ដែនអាកាសផ្ទាល់របស់តៃវ៉ាន់ ហើយនៅកន្លែងខ្លះវាជាន់គ្នាជាមួយតំបន់ ADIZ របស់ចិន ហើយថែមទាំងរាប់បញ្ចូលដែនអាកាសរបស់ចិន តែម្តងទៀតផង៕