ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមចូលរួមសម្អាតអនាម័យ បរិស្ថាន របស់យើងទាំងអស់គ្នា

114


ភ្នំពេញ៖ “សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តលើការងារគ្រប់
គ្រងសំណល់រឹងរាវ និងសំរាមដែលបានបង្កើតឡើងនៅក្នុងទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ភោជនីយដ្ឋាន អាជីវកម្ម សេវាកម្ម តាមទីផ្សារ បុរីនិងតាមលំនៅដ្ឋាន និងនៅតាមទីធ្លាសាធារណៈនានាដើម្បីរក្សាអនាម័យបរិស្ថានឱ្យបានស្អាតល្អ និងធ្វើឱ្យសុខុមាលភាពសាធារណៈកាន់តែល្អប្រសើរ ពលរដ្ឋមានសុខភាពល្អ លំនៅដ្ឋាន កន្លែងការងារ និងទីក្រុង សហគមន៍របស់យើងមានសោភ័ណភាពស្អាត”។ នេះគឺជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នេះ ដោយលោកបានលើកឡើងថា “ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងប្រមាណ ១០ភាគរយ ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាម តាមប្រភេទសំរាម ស្របតាមគោលការណ៍បច្ចេកទេស នៅមានកម្រិតនៅឡើយ”។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា បរិមាណសំរាម សំណល់រឹងទីប្រជុំជន ដែលបានបង្កើត គឺប្រហែលជាង ៣,៦៥ លាន តោន ឬប្រមាណជាង ១ម៉ឺន តោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញ មានប្រមាណជិត ៣ ពាន់ តោនក្នុងមួយថ្ងៃ នៅក្រុងសៀមរាម សំរាមដែលត្រូវបានបង្កើតឡើងមាន ប្រមាណជិត ៣៥០ ទៅ ៤០០ តោន នៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ៦៥០ តោននៅក្នុងមួយថ្ងៃ។ លោករដ្ឋលេខាធិការបានមានប្រសាសន៍ថា បច្ចុប្បន្ននេះការគ្រប់គ្រងសំរាមសំណល់
រឹងទីប្រជុំជននៅទូទាំងប្រទេស មានភាពល្អប្រសើរជាងមុន ប៉ុន្តែមិនទាន់បានឆ្លើយតប ទៅនឹងស្ថានភាពជាក់ស្តែង នៃបរិមាណសំណល់ ដែលបានបង្កើតឡើង និងមានកំណើនជារៀងរាល់ថ្ងៃនេះទេ ជាពិសេសការប្រមូល ដឹកជញ្ជូន និងការទុកដាក់ចុងក្រោយ។

​តាមការគូសបញ្ជាក់របស់លោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បរិមាណសំណល់រឹងសំរាម ប្រហែល ៤១ភាគរយ (១,៥ លាន តោន/ឆ្នាំ) នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលយកទៅដាក់នៅទីលាន និងប្រហែល ១១ភាគរយ (៤០ ម៉ឺន តោន/ឆ្នាំ) ​នៃបរិមាណសំណល់​សរុប ត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃ ហើយបរិមាណសំណល់ ដែលនៅសល់ប្រមាណជា ៤៨ភាគរយ ត្រូវបានដុត ឬបោះចោលតាមទីសាធារណៈ និងប្រភពទឹកនានា ក្នុងខណៈ​ពេល​ដែល​ការសិក្សា​បង្ហាញថា សំណល់រឹងដែលអាចកែច្នៃបានគ្រប់ប្រភេទមានប្រហែលជាពី ៧០-៨០ភាគរយ នៃបរិមាណ​សំណល់សរុប។ ដោយឡែក នៅរាជធានីភ្នំពេញ និងក្រុងធំៗ បរិមាណសំណល់ប្រហែលពី ៧០ភាគរយ ទៅ៨០ភាគរយ នៃបរិមាណសំណល់សរុប ត្រូវប្រមូលទៅដាក់នៅទីលាន និងសម្រាប់ការកែច្នៃ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងថា៖ “ការគ្រប់គ្រង​សំណល់រឹង សំរាមគឺជាកាតព្វកិច្ច
របស់យើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលបង ប្អូនរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ”។ លោកបន្ថែមថា ការវេចខ្ចប់​និងទុកដាក់សំរាម មិនត្រឹមត្រូវ បោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនា នានឹងនាំឱ្យមានផលវិបាកជាច្រើន ដូចជា ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យ មានជំនន់ពេលរដូវភ្លៀង ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងទីប្រជុំជន ជាជម្រកមេរោគ និងបង្កជាតិពុលថែមទៀតផង។ នៅចំពោះ មុខនៃការកើនឡើងនៃសំរាមនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានស្នើសុំឱ្យគ្រប់ភាគី ទាំងអស់ត្រូវរួមសហការគ្នា សម្អាតអនាម័យបរិស្ថាន និងធ្វើការវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ និង មិនត្រូវមើលបំណាំគ្នានោះទេ ព្រោះប្រសិនកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា ដែលត្រូវបោសសម្អាត និង ថែរក្សាអនាម័យបរិស្ថានឱ្យល្អ និងធ្វើឱ្យបរិស្ថាន នៅកម្ពុជាមាននិរន្តរភាព ប្រកបដោយគុណភាព។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ សម្អាតអនាម័យបរិស្ថានជុំវិញខ្លួន និងសូម ចូលរួមថែរក្សាអនាម័យបរិស្ថាន នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។

ទន្ទឹមនឹងនេះ លោកបានឱ្យ ដឹងថា ក្រសួងបរិស្ថានបន្ត និងពង្រឹង ការអនុវត្តលិខិតបទដ្ឋាននានា ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹងការទទួលខុសត្រូវ របស់ក្រសួង​ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ហើយក្រសួង នឹងតាមដានក៏ដូចជា ពង្រឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដែលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងបរិស្ថានក៏ជំរុញនិងលើកទឹកចិត្ត ដល់ការកែច្នៃសំរាម និងសំណល់ប្លាស្ទិកនៅក្នុងស្រុក។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា គុណភាព និងនិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានធានា គឺចាំបាច់ត្រូវមានការចូលរួម ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះបរិស្ថានគឺជាបញ្ហារបស់យើងទាំងអស់គ្នា ហើយសំរាម គឺជាក្តីកង្វល់រួម។ ហេតុដូច្នេះហើយបានជាត្រូវ រួមគ្នាធ្វើអនាម័យបរិស្ថាន និងគ្រប់គ្រងសំណល់រឹងសំរាម ដែលយើងទាំងអស់គ្នា បង្កើតឱ្យបានល្អត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង