ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិឡាវម្នាក់ ដាក់ពន្ធនាគារមួយជីវិត រឿងជួញដូរ គ្រឿងញៀន ជាង៥០គីឡូក្រាម ឯអ្នកដឹកគ្រឿងញៀនត្រូវដោះលែង

126


ភ្នំពេញ៖ ជនជាតិឡាវម្នាក់ដែលជួញដូរគ្រឿងញៀនចំនួន៥៤គីឡូក្រាម ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាដាក់គុកអស់មួយជីវិត ហើយបក្ខពួកម្នាក់ទៀតត្រូវដោះលែង។
នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិឡាវ ដាក់គុកអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៥០លានរៀល ចូលជាថវិការដ្ឋ ពីបទដឹកជញ្ជូន រក្សាទុក និងជួញដូរសារធាតុញៀន ដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ចំណែកជនជាប់ចោទ ឈ្មោះ ថង វ៉ាង ថៅកែក្រុមហ៊ុនដឹកអ្នកដំណើរ ថង វ៉ាង ដែលជាអ្នកដឹកគ្រឿងញៀន ចូលមករាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។ បន្ទាប់ពីដាក់គុកអស់មួយរយៈជនជាប់ចោទឈ្មោះ ថង វ៉ាង ក៏ត្រូវបានដោះលែងឱ្យរួចខ្លួនវិញ។

គួររំលឹកថា នៅក្នុងសំណុំរឿងគ្រឿងញៀនជាង៥០គីឡូក្រាម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ចំនួន៣នាក់រួមមានទី១៖ ឧកញ៉ា ស៊ី ឡាឡយ ភេទប្រុស អាយុ៤៣ឆ្នាំ ( ស្លាប់នៅក្នុងពន្ធនាគារ), ទី២៖ ឈ្មោះ លួន សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិឡាវ (ត្រូវដាក់គុក១ជីវិត) និងទី៣៖ ឈ្មោះ ថង វ៉ាង ថៅកែក្រុមហ៊ុន ថង វ៉ាង ដឹកអ្នកដំណើរ (តុលាការសម្រេចដោះលែង)។
ឧកញ៉ា ស៊ី ឡាឡយ ជាថៅកែគ្រឿងញៀន និងកូនចៅឈ្មោះ លួន សុផា ជាជនជាតិឡាវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាល ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ពេល នាំយកគ្រឿងញៀន ទម្ងន់សរុប៥៤គីឡូក្រាម ចូលក្នុងក្រុងភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង