ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍ព្រៃឡង់ ពន្យារពេលការធ្វើសន្និសិតព័ត៌មាន ក្រោយជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន

336


ភ្នំពេញ៖ បណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង បានអះអាងថាសន្និសីទ កាសែតស្តីពីស្ថានភាព ព្រៃការពារដែនជម្រកសត្វព្រៃឡង់ រៀបចំដោយអង្គការ Damission ដែលគ្រោងនឹងធ្វើនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨​ នេះ ត្រូវបានលុបចោលវិញហើយ។

បណ្តាញសហគមន៍ព្រៃឡង់ (Prey Lang) បានសរសេរផេករបស់ខ្លួនថា “យើងបានសម្រេច ពន្យារពេលការធ្វើសន្និសិតព័ត៌មាន ដែលគ្រោងធ្វើថ្ងៃស្អែកនេះ”។ ការសម្រេចលុបចោលសន្និសីទកាសែតនេះ ត្រូវបានតំណាងបណ្តាញសហគមន៍ព្រៃឡង់ លើកឡើងថា ធ្វើឡើងបន្ទាប់តំណាងសហគមន៍ព្រៃឡង់ទាំង ៤ ខេត្តនេះ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន ដោយបានដាក់ជូននូវរបាយការណ៍ ក៏ដូចជាសំណូមពរមួយចំនួនរបស់ពួកគាត់ជូនដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថានបានជ្រាប និងដោះស្រាយចំពោះសំណូមពររបស់ពួកគាត់រួចរាល់ហើយ។

លោក ហឿន សុភាព តំណាងបណ្តាញសហគមន៍ព្រៃឡង់បានថ្លែងថា បន្ទាប់ពីបានជួបពិភាក្សាជា មួយតំណាងក្រសួងបរិស្ថាន យើងក៏សម្រេចលុបចោលសន្និសីទកាសែតនេះ និងលើកទៅពេលក្រោយ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី៣ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួងបរិស្ថានដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយបណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែងនៅ ល្ងាចថ្ងៃទី៣ ខែតុលា នេះ។ បណ្តាញសហគមន៍ព្រៃឡង់ទាំង ៤ ខេត្តបានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងបរិស្ថានពីលទ្ធផលនៃការដើរល្បាតរួមគ្នាជាមួយមន្ត្រី ឧទ្យានុរក្សនៅបណ្តាខេត្តទាំង ៤ ដោយបង្ហាញពីការរកឃើញមានបទល្មើសព្រៃឈើ និងការបរបាញ់សត្វ ចាប់សត្វមួយចំនួន។ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានជជែកពិភាក្សាពីលទ្ធផលការងារ និងកិច្ចសហការគ្នាក្នុងការការពារ និងអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ភាគីទាំងពីរបានឯកភាពគ្នាបន្តស្មារតីសហការល្អនៅក្នុងការអនុ​វត្តការងារនៅ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទាំង ៤ ខេត្ត ហើយខិតខំពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនសកម្មភាពការ ពារនិងអភិរក្សព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់បន្ថែមទៀត ដើម្បីធានាការអភិរក្សធនធានធម្មជាតិឱ្យបានល្អ។ ក្រសួងបរិស្ថានសូមស្វាគមន៍ នូវរាល់មតិយោបល់ ទាំងឡាយពីបងប្អូនប្រជាសហគមន៍ និងបណ្តាញសហគមន៍ព្រៃឡង់ដើម្បីពង្រឹងប្រសិទ្ធភាពការងារអភិរក្ស ហើយប្រសិនបើបងប្អូនមានរបាយការណ៍ទាក់ទងនឹងធនធានធម្មជាតិ សូមបញ្ជូនមកមន្ត្រីក្រសួងបរិស្ថាន ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។

ការដើរល្បាតរួមគ្នារវាងមន្ត្រីឧទ្យានុរក្ស និងបងប្អូន បណ្តាញសហគមន៍ព្រៃឡង់នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ ២០១៥ ក្រោយពីមានការសម្រេចនៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៥ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាសន និងបណ្តាញសហគមន៍ព្រៃឡង់បានសហការគ្នាបានយ៉ាងល្អក្នុងការ ដើរល្បាតព្រៃឡង់។ រាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ និងបណ្តាញសហគមន៍ព្រៃឡង់មានគោលដៅរួមគ្នាគឺធ្វើយ៉ាងណាការពារ និងអភិរក្សធនធានធម្មជាតិដែលកម្ពុជាមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ដូច្នេះទាំងអស់ គ្នាត្រូវបន្តសហការគ្នាការពារធនធានធម្មជាតិរបស់យើងទាំងអស់។

អត្ថបទដែលជាប់ទាក់ទង