ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ​រុះរើ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ឆេះ​កន្លង​មក​ ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​០១​នាក់​ទៀត​ ជា​ជនជាតិ​ថៃ​ នៅ​ក្នុង​បន្ទប់ទឹក​ជាន់​ទី​១០

32

 

​បន្ទាយ​មាន​ជ័យ​ ៖​ ក្រុម​ជំនាញ​បាន​ប្រទះ​ឃើញ​សព​ម្នាក់​ទៀត​ក្នុង​ចំណោម​២៦​នាក់​ ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​កាស៊ីណូ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​នា​ពេល​កន្លង​មក​ ។​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់ទឹក​រួម​ជាន់​ទី​១០​ នៃ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មិន​ នា​ល្ងាច​វេលា​ម៉ោង​៥​ ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​ ២០២៣​ ដែល​សរុប​អ្នក​ស្លាប់​ទាំងអស់​ចំនួន​២៧​នាក់​ ។​

​យោង​តាម​មន្ត្រី​អាជ្ញាធរ​ សមត្ថកិច្ច​ និង​ក្រុមការងារ​រុករក​សព​ និង​រើ​គំនរ​បែកបាក់​នៅ​ក្នុង​កាស៊ីណូ​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខាង​ក្រុមហ៊ុន​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មិន​ ទើបបាន​រក​ឃើញ​សព​ជន​រង​គ្រោះ​ក្នុង​គ្រោះ​អគ្គី​ភ័យ​ឆេះ​កាស៊ីណូ​ចំនួន​១​នាក់​ទៀត​ នៅ​អគារ​សណ្ឋាគារ​ជាន់​ទី​១០​ ក្នុង​ចំណុច​បន្ទប់ទឹក​រួម​ លុះ​នៅ​ម៉ោង​វេលា​ម៉ោង​ ៥​ល្ងាច​ ឡានពេទ្យ​បាន​ដឹក​សព​យក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ធ្វើ​កោសល្យវិច័យ​ ។​ លុះដល់​វេលា​ម៉ោង​៦​ថ្ងៃ​ដដែល​ ក្រុមការងារ​បាន​ពិនិត្យ​សព​រួច​ លទ្ធផល​គឺ​ សព​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឈ្លក់ផ្សែង​ភ្លើង​ បង្ក​ថប់ដង្ហើម​ ។​ នៅ​លើ​ឯកសារ​សព​ មាន​អត្តសញ្ញាណ​១​សន្លឹក​ ឈ្មោះ​ ចា​វី​វ៉ា​ត​ ភឺ​ចា​ប៉ា​ល់​(​ Chavivat​ peechapol)​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ថៃ​ កាន់​លិខិតឆ្លងដែន​លេខ​ AB1916225​ ។​

​សព​ត្រូវ​រក្សា​ទុក​ក្នុង​បន្ទប់​រក្សា​សព​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ រង់ចាំ​ទំនាក់ទំនង​ប្រគល់​ជូន​ទៅ​ភាគី​ថៃ​ ដើម្បី​ដឹក​យក​ទៅ​ប្រគល់​បន្ត​ដល់​ក្រុម​គ្រួសារ​សព​ ។​

​សូម​រំលឹក​ថា​៖​ អគារ​កាស៊ីណូ​ ហ្គ្រេ​ន​ ដាយ​មិន​ (Grand​ Diamond​ City)​ និង​កាស៊ីណូ​ប៉ោយ​ប៉ែ​តរី​សត​(​ Casino​ Poipet​ Resort)​ នៅ​ប្លុក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​ប៉ោយ​ ប៉ែ​ត​ និង​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​បំផ្លាញ​ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​កាលពី​ម៉ោងជាង​១១​យប់​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២​ កន្លង​ទៅ​នេះ​។​

​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ក្រុមការងារ​សង្គ្រោះ​ រុករក​ មាន​កម្ពុជា​ និង​ថៃ​បាន​ បិទ​បញ្ចប់​ប្រតិបត្តិការ​រុករក​សព​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២២​ ដោយ​បាន​រក​ឃើញ​អ្នក​ស្លាប់​សរុប​ចំនួន​២៦​នាក់​ និង​អ្នក​របួស​ចំនួន​៥៧​នាក់​ ។​ ក្នុង​នោះ​ទាំង​អ្នក​របួស​ និង​ស្លាប់​ មិន​មាន​ជនជាតិ​ខ្មែរ​នោះ​ឡើយ​ ។​ សម្រាប់​ប្រតិបត្តិការ​ជួយ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ​នេះ​ ខាង​កម្ពុជា​ប្រើប្រាស់​កម្លាំង​១.០០៩​នាក់​ និង​ខាង​ថៃ​ចំនួន​២២១​នាក់​ ក្នុង​ចំណោម​សព​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ មាន​ជនជាតិ​ថៃ​ ចំនួន​១៧​នាក់​,​ នេ​ប៉ា​ល់​១​នាក់​ ម៉ា​ឡេ​ស៊ី​១​នាក់​ សង្ស័យ​ចិន​១​នាក់​ និង​មិន​ស្គាល់​អត្តសញ្ញាណ​៦​នាក់​ (​មិនមែន​ជាតិខ្មែរ​)​ ៕

អត្ថបទដែលជាប់ទាក់ទង