ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ដីដែលលោក គង់ គាំ ឲ្យមកក្រសួងការបរទេសវិញ ប្រគល់ទៅជូន គ.ជ.ប

36

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ដីរដ្ឋកន្លះហិកតា ដែលលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន បានប្រគល់ឲ្យក្រសួងការបរទេសវិញ ទៅឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញ។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ថា សម្តេចតេជោ ពិតជាបានសម្រេចបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថែមទៀតថា ការដែលសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចបែបនេះ ក៏ដោយសារតែបច្ចុប្បន្ន គ.ជ.ប មិនទាន់មានដីជាទីតាំងច្បាស់លាស់របស់ខ្លួន។

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែមករា លោក គង់ គាំ និងភរិយារបស់លោក បានសម្រេចប្រគល់ដីកម្មសិទ្ធិរបស់ក្រសួងការបរទេស ដែលខ្លួនកំពុងស្នាក់នៅ ស្ថិតនៅតាមវិថីព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជូនទៅរដ្ឋវិញ។

ដីដែលលោក គង់ គាំ ប្រគល់ឱ្យរដ្ឋវិញនៅពេលនេះ គឺជាដីកម្មសិទ្ធិក្រសួងការបរទេស ត្រូវបានលោកចូលរស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស។

ក្នុងលិខិតប្រកាសប្រគល់ដីជូនរដ្ឋវិញ លោក គង់ គាំ បានទទួលស្គាល់ថា ខ្លួនមានការឆ្គាំឆ្គង និងយល់មិនបានអស់អំពីបែបបទនៃការសុំកាន់កាប់ផ្ទះ និងដី។

លោក គង់ គាំ បានថ្លែងអំណរគុណដល់អង្គភាពប្រឆាំងអំពើពុករលួយ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុគ្រោះដល់ការឆ្គាំឆ្គងរបស់លោក។

បន្ទាប់ពីការទទួលបានដីរដ្ឋមកវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបិទបញ្ចប់សំណុំរឿងដីធ្លីនេះ ជាមួយលោក គង់ គាំ ដែលជាអតីតកូនចៅរបស់សម្តេច ហើយប្រកាសមិនប្តឹងផ្តល់លោក គង់ គាំ ទៀតនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង