ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ នៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨”

41

 

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី“គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨”។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨”
ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

– សាវតា
ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាមធ្យមប្រចាំឆ្នាំរង្វង់ ៧ភាគរយ និងបានរក្សាកំណើននេះក្នុងរយៈពេលជិតបីទសវត្សរ៍កន្លងមកហើយ។ កត្តានេះបានធ្វើឱ្យកម្ពុជាប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៥។

គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។
– ដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយ
គ.ជ.ដ.ស. មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
– ខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងគោលនយោបាយ

គ.ប.ដ.ស. មានចក្ខុវិស័យដល់ឆ្នាំ២០៣៨ «អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលតាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ» និងមានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

• យុទ្ធសាស្ដ្រវិស័យដីធ្លី
– អនុវិស័យរដ្ឋបាលដីធ្លី មានមូលដ្ឋានគតិយុត្ត នៃការកាន់ដីធ្លីនិងការចុះបញ្ជីដីធ្លី ការចុះបញ្ជីដីធី្លការងារភូមិសាស្ត្រ ការដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដី និងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យសុរិយោដី និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្ត្រ។
– អនុវិស័យរៀបចំដែនដី មានមូលដ្ឋានគតិយុត្តនិងផែនការរូបវន្ត ការរៀបចំដែនដីនិងនគរូបនីយកម្មការកំណត់ប្រើប្រាស់ដីខេត្តព្រះសីហនុមានដីអាចសាងសង់បាន និងដីកម្រិតការសាងសង់ ការកំណត់តំបន់ប្រើប្រាស់ដី និងបទប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តព្រះសីហនុប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងការរៀបចំប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ។

– អនុវិស័យបែងចែកដីធ្លី និងលំនៅឋាន មានមូលដ្ឋានគតិយុត្ត ការគ្រប់គ្រងសន្និធិដីធ្លីនិងការបែងចែកដីធ្លី ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយកំណត់លក្ខណៈសម្បត្តិនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងប្រភពហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ការអភិវឌ្ឍលំនៅឋានសង្គម ការងារដោះស្រាយសំណង់បណ្ដោះអាសន្ននិងសំណង់មិនរៀបរយ និងការផ្តល់ទីតាំងស្នាក់នៅសមរម្យជូនកម្មករ និយោជិតដែលបំពេញការងារក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ច។

• យុទ្ធសាស្ត្រវិស័យពាក់ព័ន្ធនឹងដីធ្លី
– ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត មានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បច្ចេកវិទ្យាទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងការគ្រប់គ្រងសន្តិសុខសាយប័រ ការអភិវឌ្ឍធនធានទឹក និងទឹកស្អាត និងការអភិវឌ្ឍវិស័យថាមពល និងអគ្គិសនី។
– ការអភិវឌ្ឍសេដ្ឋកិច្ច មានការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍធុរកិច្ច និងពាណិជ្ជកម្ម ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
– កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ មានការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងសំណល់រាវ និងវិធានការចាំបាច់ក្នុងការការពារធនធានធម្មជាតិ បរិស្ថាន និងតំបន់ការពារធម្មជាតិសំខាន់ៗ។

• យុទ្ធសាស្ត្រពាក់ព័ន្ធ និងការគ្រប់គ្រង
– ការពង្រឹងការគ្រប់គ្រង អភិបាលកិច្ចល្អ និងស្ថប័ន មានការលើកកម្ពស់សមត្ថភាពស្ថាប័ន និងមូលធន មនុស្ស ការគ្រប់គ្រងនិងអភិបាលកិច្ចល្អ ការអភិវឌ្ឍទីក្រុងឆ្លាត ការជំរុញនិងអនុវត្តរដ្ឋបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល។
– ការគ្រប់គ្រងហានិភ័យសំខាន់ៗ និងការបង្ការគ្រោះមហន្តរាយធម្មជាតិ មានហានិភ័យក្នុងប្រទេស និងក្រៅប្រទេស និងការបង្ការគ្រោះមហន្តរាយធម្មជាតិ ដោយកំណត់ការការពារ និងការថែរក្សាឆ្នេរសមុទ្រ ទឹកសមុទ្រ ប្រភពទឹក អាងស្ដុកទឹក និងបណ្ដាញផ្លូវទឹក ការពារការស្ទះផ្លូវទឹកហូរ និងការបង្ការគ្រោះមហន្តរាយនៅទីចំណតជាដើម៕

អត្ថបទដែលជាប់ទាក់ទង