ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារនគរបាលនិងសហគមន៍ និងអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារនគរបាលនិងសហគមន៍ និងអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានរាយការណ៍ជូនអង្គពិធីថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការជំរុញលើកទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសេនាធិការ ទើបស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ការងាររដ្ឋបាល សហគមន៍ និងការអនុវត្តគោលនយោបាលភូមិឃុំ-សង្កាត់មានសុវត្ថិភាព ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលពុំទាន់ឆ្លងវគ្គ នៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១១ រយៈពេល០៨ថ្ងៃ គិតចាប់ពី០២ ដល់ថ្ងៃ១២ ខែមករា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមសរុប ១២០នាក់ ស្រី២៧នាក់។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត មានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលរួចមក អស់លោក លោកស្រី និងយកចំណេះដឹងទាំងនេះ ទៅអនុវត្តការងាររបស់ខ្លួន ក្នុងនាមជាមន្ត្រីនគរបាលបំរើប្រជាពលរដ្ឋ ដោយចេញពីបេះដូង និងទឹកចិត្តបរិសុទ្ធ ប្រកបដោយឆន្ទះមោះមុត និងយកបេះដូងប្រជាពលរដ្ឋអោយបានតាមរយៈការបំរើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ដោយស្នាមញញឹម ដោយកុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីលើកស្ទូយកិត្តិយសកងកម្លាំងនគរបាលជាតិទាំងមូលនិយាយជារួម និយាយដោយឡែកកងកម្លាំងនគរបាលខេត្តកណ្តាល ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះជ័យលាភីនៃការបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិក្ខាកាម ដែលមានទាំងនិទ្ទេសល្អ ល្អបង្គួរ និងមធ្យម សុទ្ធតែបានឈានទៅដល់ការបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ។
ឯកឧត្តម ក៏បានកោតសរសើរដល់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានសហការគ្នាល្អក្នុងការរៀបចំបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះឡើង ហើយក៏ជាវគ្គគំរូមួយសម្រាប់ការងារលើកស្ទួយ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងប្រទេស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ សង្ឃឹមថា ក្រោយពីបញ្ចប់វគ្គនេះទៅតាមប៉ុស្តិ៍រដ្ឋបាលរបស់យើងនឹងមានមន្ត្រី ដែលមានសមត្ថភាពជួយការងារបម្រើសេវាប្រជាពលរដ្ឋ កាន់តែសកម្មថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានណែនាំនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើការដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ រដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ ហើយដើម្បីឲ្យកិច្ចការនេះធ្វើទៅបានល្អ គ្រប់ការងារដែលយើងបំពេញត្រូវគោរពវិន័យប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំង គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ ថ្លៃថ្នូរ តែម៉ឺងម៉ាត់ក្នុងការងារ និងមិនលើកលែងចំពោះបទល្មើស ពិសេសយកចំណេះដឹងទាំងអស់ដែលទើបទទួលបានពីវគ្គបណ្តុះបណ្តាល ទៅបម្រើជាសកម្មភាពជាក់ស្តែង។
ជាមួយគ្នានោះ ឯកឧត្តម បានស្នើឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំប្រជាការពារ ព្រោះប្រជាការពារមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ តែក៏ជាកម្លាំងជំនួយដ៏សំខាន់ជួយដល់សមត្ថកិច្ចនូវរាល់កិច្ចការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល។ ឯកឧត្តម ក៏សូមផ្តាំផ្ញើដល់លោកស្នងការ លោកអធិការ រាជធានី-ខេត្តទាំងអស់ សូមយកចិត្តទុកដាក់ត្រួតពិនិត្យដល់លោកនាយប៉ុស្តិ៍របស់ខ្លួន កុំឲ្យលោកនាយប៉ុស្តិ៍សំអាងទៅលើប្រជាការពារជាកម្លាំងជំនួយហើយខ្លួនជានាយប៉ុស្តិ៍មិនចុះជួបប្រជាពលរដ្ឋដោយផ្ទាល់។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម បានពាំនាំនូវការកោតសរសើរ ផ្តាំផ្ញើលើកទឹកចិត្ត និងសាកសួរសុខទុក្ខ ដល់បងប្អូនកងកម្លាំង ដែលមានវត្តមាននៅពេលនេះ និងផ្ញើជូនដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង និងសូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់គ្នា និងប្រសិទ្ធពរជ័យ សិរីបវរគ្រប់ប្រការ សម្រាប់ឆ្នាំថ្មីឆ្នាំសកលនេះ ទទួលបានជោគជ័យ សុខភាពល្អគ្រប់ៗគ្នា និងសម្រេចអ្វីៗតាមបំណងប្រាថ្នារៀងៗខ្លួន ៕