ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ៖ មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ប្រទេស

68

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា​ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៣ របស់ក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធម្មការ និងសាសនា។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វាយប្រគេន ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងមន្ត្រីរាជការ ដោយសេចក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។
លោកជំទាវបានកោតសសើរថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា គ្រប់លំដាប់ថ្នាក់ បានរួមសហការគ្នា ក្នុងការអនុវត្តការងារទទួលបានជោគជ័យគួរជាទីមោទនៈ ។
ទន្ទឹមនឹងនោះ​ លោកជំទាវក៏បានលើកឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិ បាល​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា​ ក្នុងការគ្រប់គ្រងកូវីដ១៩ និងសមិទ្ធិផលថ្មីៗរបស់រាជរដ្ឋាភិបាលសម្រេចបាន​ ក៏ដូចជាជោគជ័យការទូត នៅឆាកអន្តរជាតិ និងជោគជ័យនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរសភា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកជំទាវក៏បានសំណូមពរដល់ ក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន ពាក់ព័ន្ធត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ចំណេះដឹង និងសមត្ថភាព តាមរយៈ ការពង្រឹងពុទ្ធិកសិក្សា គោរពឲ្យបានខ្ជាប់ខ្ជួននូវព្រះធម៌វិន័យ និងអប់រំ ផ្សព្វផ្សាយឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើងឱ្យបានទូលំទូលាយ និងទំនៀមទម្លាប់ ប្រពៃណីដ៏ល្អប្រពៃរបស់ជាតិ សំដៅជៀសវាងឱ្យបាននូវបាតុភាពអសកម្មនានា ព្រោះព្រះពុទ្ធសាសនា ជាសាសនា ដែលមានលក្ខណៈវិទ្យាសាស្រ្ត មានហេតុផលច្បាស់លាស់ ។
លោកជំទាវបានបន្តទៀតថា ៖ មន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ រួមគ្នាថែរក្សាសុខសន្តិភាព និងសុខុដុមនីយកម្មសាសនា នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស ហើយមន្ត្រីរាជការ និងព្រះសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម និងរួមគ្នាដោះស្រាយនូវអធិករណ៍ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាននីមួយៗ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង