សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋរាជទូតថ្មី នៃប្រទេសថៃ ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតថៃថ្មី បានឯកភាពគ្នាក្នុងការជំរុញឲ្យគណៈកម្មការព្រំដែនរួម ដើម្បីរៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញពីព្រំដែន ដើម្បីសុវត្ថិភាពរបស់ប្រជាជនទាំងសងខាង ក្នុងការចេញចូលរកស៊ី និងត្រួតពិនិត្យព្រំដែននៅកន្លែងចាំបាច់ ដើម្បីជំរុញការឆ្លងកាត់របស់ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញ ជាពិសេសដោយចាត់ទុកការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យលឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើក ដោយពុំរង់ចាំកាលកំណត់នោះទេ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាព និងបានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសរបស់គេវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការបណ្តុះបណ្តាលធនធានមនុស្ស និងអរគុណដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់អាហារូបករណ៍ និងការហ្វឹកហ្វឺនដល់មជ្ឈមណ្ឌលកំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ផងដែរ ៕