ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការNatureLife ផ្តល់អាហារមានសុវត្ថិភាពដល់សត្វក្រៀល និងបង្កើនជីវភាពសហគមន៍មូលដ្ឋាន

55

តាកែវ៖ មន្ត្រីរបអង្គការ NatureLife បានឱ្យដឹងកាលពីថ្ងៃចន្ទ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា កាលពីខែធ្នូកន្លងទៅនេះក្រុមការងាររបស់ខ្លួន បានធ្វើការ យ៉ាងជិតស្និទ្ធជាមួយកសិករសហគមន៍ស្រូវមិត្តក្រៀលចំនួន១០០គ្រួសារដែលមានដីស្រែនៅជុំវិញតំបន់ការពារទេស ភាពអន្លង់ព្រីង ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។
ដីទាំងនោះមានទីតាំងដីសើម នាតំបន់ការពារទេសភាពនេះ គឺជាទីតាំងដ៏សំខាន់ក្នុងការគាំទ្រដល់ការរស់នៅរបស់សត្វក្រៀល នារដូវមិនបន្តពូជចាប់ពីខែធ្នូដល់ ខែឧសភា។ស្រូវដែលបន្សល់នៅក្នុងស្រែរបស់ប្រជាកសិករ គឺជាចំណីរបស់សត្វក្រៀល ដែលកំពុងរងគ្រោះជិតផុតពូជ។
មន្រីដដែលបញ្ជាក់ទៀតថា ស្រូវមិត្ដក្រៀលគឺជាគម្រោងដែលផ្តួចផ្តើមឡើង ក្នុងគោលបំណងផ្តល់អាហារមានសុវត្ថិភាពដល់សត្វក្រៀល និងបង្កើនជីវភាពសហគមន៍មូលដ្ឋាន។ កសិករដែលចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ត្រូវបានផ្តល់ពូជ និងជីសរីរាង្គដោយមិនគិតថ្លៃ និងត្រូវគោរពតាមលក្ខខណ្ឌចំនួន១២ ក្នុងនោះមានដូចជា ដាំដុះពូជស្រូវប្រចាំតំបន់ ដែលមានឈ្មោះថា សម្បកកាទឹម និង ពងលលក ដែលសត្វក្រៀលចូលចិត្ដស៊ី និងកាត់បន្ថយការប្រើប្រាស់ថ្នាំពុល និងជីគីមីយ៉ាងតិច៣០ភាគរយ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ដល់សុខភាពមនុស្សប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ជាពិសេសសត្វក្រៀល។ កសិករដែលបានគោរពតាមលក្ខខណ្ឌទាំង នេះ អង្គការជីវិតធម្មជាតិនឹងទទួលទិញស្រូវក្នុងតម្លៃ៥ភាគរយខ្ពស់ជាងទីផ្សារ។ ក្រោយពីបញ្ចប់ការច្រូតកាត់ឆ្នាំ២០២២ នេះ មានកសិករចំនួន ៤៩គ្រួសារបានលក់ស្រូវរបស់គាត់ចំនួនប្រមាណជា៧៥ តោន ។ ដោយឡែក៥១គ្រួសារទៀត បានសម្រេចទុកស្រូវដែលផលិតបានទាំងអស់សម្រាប់បរិភោគ។ បន្ថែមពីនេះទៅទៀត កសិករដែលបន្សល់ស្រូវក្នុងស្រែចំនួន៥ភាគរយ សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀល គម្រោងផ្ដល់សំណងជូនជាថវិកាផងដែរ។
គម្រោងស្រូវមិត្តក្រៀល ត្រូវបានអនុវត្តដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា ដោយសហការជាមួយក្រសួងបរិស្ថាន និងអង្គការCRDT ដែលបានគាំទ្រដល់គម្រោងស្រូវមិត្តក្រៀលនេះ ដោយអង្គការ Keidenren Nature Conser vation Fund (KNCF) និងMandai Nature ។លោកអ្នកអាចគំាទ្រការអភិរក្សសត្វក្រៀល និងបង្កើនជីវភាពរបស់សហគមន៍ដោយគ្រាន់តែបរិភោគអង្ករមិត្តក្រៀល។ អង្ករមិត្តក្រៀលមានលក់នៅ NHAM24 និង អាចបញ្ជាទិញបានតាមរយៈទូរស័ព្ទ ០៩៨ ៧៣២ ២៤០។ អង្ករមិត្តក្រៀល គឺជាកសិផលដែលគិតគូរដល់ប្រព័ន្ធអេកូឡូស៊ីផ្តល់ចំណីបន្ថែមដល់សត្វក្រៀល និង ជាអង្ករដែលផ្តល់សុវត្ថិភាពសម្រាប់មនុស្ស ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង