ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

106

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា, ថៃ, អូស្រ្តាលី, គុយបា, រុស្សី, មីយ៉ាន់ម៉ា, ប្រ៊ុយណេ និងម៉ាឡេស៊ី។

ឯកអគ្គរាជទូតថ្មីទាំង៨រូបនោះរួមមាន៖

ទី១៖ លោក កុយ គួង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា
ទី២៖ លោក ហ៊ុន សារឿន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃឡង់ដ៏
ទី៣៖ លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី
ទី៤៖ លោក ជា ធីរៈ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសគុយបា
ទី៥៖ លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសរុស្សី
ទី៦៖ លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា
ទី៧៖ លោក លឹម ហុកសេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសប្រ៊ុយណេ
និងទី៨៖ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមទាំង៨រូបដែលត្រូវ បានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង៨នេះ។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះឯកឧត្តមទាំង៨រូបត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសដែលខ្លួនតាំងនៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចបំណងនេះ ត្រវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសនីមួយៗឲ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និង ពលករខ្មែរដែលរស់នៅប្រក ប អាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ។ ទោះបីស្ថិតក្នុងកាលៈទេសៈបែបណា ក៏ដោយ ត្រូវ បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរដ្ឋទូត-រាជទូត នៃប្រទេសនានា ប្រចាំនៅប្រទេសដែលខ្លួនតាំងនៅ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនជូនដល់ឯកឧត្តម ឯកអគ្គរាជទូត ទំាង អស់ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាព ការណ៍ពិត និង ការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាជូនដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ជាពិសេស នៅប្រទេសដែលកំពុង បំពេញ ភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា។

ឯកឧត្តម កុយ គួង ជាតំណាងឯកអគ្គរាជទូត ទំាងអស់បានប្តេជ្ញា នៅចំពោះមុខ សម្តេចប្រធានព្រឹទ្ធសភា ថានឹងខិតខំបំពេញភារកិច្ចកាទូតដោយសក្តិសមជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
ឯកឧត្តម និងឯកអគ្គរាជទូតទំាងអស់បានសន្យាថា នឹងខិតខំអនុវត្តតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយអំពីប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការ ល្អប្រសើរជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត-រដ្ឋទូតប្រទេសផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញ វិនិយោគិន និង អ្នកទេសចរ ឲ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពនៅក្នុងតំបន់ និងលើពិភពលោក។

អត្ថបទដែលជាប់ទាក់ទង