ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាពរបស់ (IMF) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ជា ចាន់តូ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ ការអនុវត្តនយោបាយរូបិយវត្ថុ និងគុណភាពទិន្នន័យ

96

 

ភ្នំពេញ ៖ លោកស្រី Eteri Kvintradze ប្រធានការិយាល័យអភិវឌ្ឍន៍សមត្ថភាព (CDOT) របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣។

ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកស្រី Kvintradze បានចាប់ផ្តើមបំពេញតួនាទីជាប្រធានការិយាល័យ CDOT កាលពីខែធ្នូឆ្នាំ ២០២២ កន្លងទៅ ដើម្បីណែនាំខ្លួន និងជម្រាបជូនពីផែនការអភិវឌ្ឍសមត្ថភាពជំនាញ ព្រមទាំងទទួលយកសំណើបណ្តុះបណ្តាល ពីធនាគារជាតិនៃកម្ពុជា។

លោកស្រី Kvintradze បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងសមត្ថភាពជំនាញ ពាក់ព័ន្ធនឹងការតាមដាន និងវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច សន្ទនីយភាព និងស្ថិតិក្រៅប្រទេសនិងរូបិយវត្ថុ។

ឯកឧត្តមទេសាភិបាល បានថ្លែងអំណរគុណដល់ការិយាល័យ CDOT ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាពជំនាញនៅធនាគារជាតិនៃកម្ពុជា និងបានស្នើសុំឱ្យបន្តពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត ក្នុងគោលដៅរួមចំណែកលើកកម្ពស់ ការអនុវត្តនយោបាយរូបិយវត្ថុនិងគុណភាពទិន្នន័យឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង