ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញនៅក្នុងប្រទេស​កម្ពុជា បាននាំយកទៅអឺរ៉ុប ដោយពុំមានជាប់ពន្ធគយ ជាប់កូតា

223


ភ្នំពេញ៖ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពជា បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកម្ពុជា ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបសម្រាប់​កម្ពុជា គឺជាការអនុគ្រោះផ្នែកពាណិជ្ជកម្ម​ ដែលសភាពាណិជ្ជអឺរ៉ុប ផ្តល់ទៅលើប្រទេស ​ដែលមានការអភិវឌ្ឍតិចតួច ហើយអ្វីដែល EBA ផ្តល់ជូន គឺការនាំទំនិញពីប្រទេស​ទាំងអស់នោះ ដោយមិនជាប់ពន្ធគយ​ និង​មិនជាប់ការកំណត់កូតា ហើយចំពោះប្រទេស​កម្ពុជា សភាពាណិជ្ជអឺរ៉ុប បានបញ្ចូលគ្រប់ទំនិញទាំងអស់ លើកលែងតែការនាំចេញអាវុធ។

លោក George EDGAR បានថ្លែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ ជំនួញ និងកិច្ចអភិវឌ្ឍន៍ នៅសណ្ឋាគារមួយ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក Tasilo Brinser អនុប្រធាននៃសភាសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅក​ម្ពុជា លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និង​អ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នជាច្រើននាក់។

លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ បានបន្ថែមទៀតថា បើ​និយាយពីប្រទេស ​ដែលមានការអភិវឌ្ឍតិចតួច ជាការពិតវាជាការដាក់ចំណាត់ការ ដោយអង្គការសហប្រជាជាតិ​ ដែលគិតអំពីផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងប្រជាជនម្នាក់ ប៉ុន្តែបើគិតពីសន្ទុះនៃការអភិវឌ្ឍមនុស្សមានន័យថា គេគិតទៅលើប្រទេសមួយ នឹងអាចមានភាពរងគ្រោះកម្រិតណា ប្រសិនបើមានវិបត្តិហិរញ្ញាវត្ថុ មានការកើតឡើងនៃគ្រោះធម្មជាតិ ប្រជាពលរដ្ឋអាចងើបផុតពីភាពក្រីក្រ ហើយអាចធ្លាក់ចុះមកភាពក្រីក្រវិញកម្រិតណា ដូចនេះគេវាស់វែងទៅលើភាពងាយរងគ្រោះទាំងអស់នោះ ហើយក៏គេគិតទៀតថា ប្រទេសនោះ​ផ្តោតទៅលើផលិតកម្មកសិកម្ម ឬប្រាក់ចំនូលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឡើងដល់កម្រិតមួយជាទីពេញចិត្ត។

ដូច្នេះហើយការដាក់កម្រិតរបស់ UN គេនឹងធ្វើការកែសម្រួលរយៈពេល៣ឆ្នាំម្តង ហើយដើម្បីឱ្យប្រទេស​កម្ពុជា ចេញផុតពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច​ទាល់តែប្រទេស​កម្ពុជា ឈានទៅដល់មួយកម្រិតទៀតជាប់ៗគ្នា២ដង ដែលម្តងមានរយៈពេល៣ឆ្នាំ មានន័យថា ៦ឆ្នាំទៀត គឺនៅឆ្នាំ២០២៤ ប្រទេសកម្ពុជាងើបចេញពីការអភិវឌ្ឍតិចតួចហើយ ពេលនោះ EBA និងផ្តល់រយៈពេលអនុគ្រោះ៣ឆ្នាំបន្ថែមទៀត ដូចនេះទាល់តែឆ្នាំ២០២៧ ទើបប្រទេស​កម្ពុជា អាចនឹងត្រូវដកចេញពី EBA បើគិតពីលក្ខណៈទ្រឹស្តីនេះ ដូចនេះសម្រាប់ប្រទេសកម្ពុជា និងបន្តការអនុគ្រោះពន្ធ មានរយៈពេលច្រើនឆ្នាំទៀត។

លោកបន្តថា សព្វថ្ងៃនេះ ទំនិញនៅក្នុងប្រទេស​កម្ពុជា បាននាំយកទៅអឺរ៉ុប ដោយពុំមានជាប់ពន្ធគយ ជាប់កូតានោះទេ ។ ទំនិញនៅក្នុងប្រទេសកម្ពុជា មានភាព​ប្រកួតប្រជែងខ្លាំង ជាងទំនិញពីប្រទេសផ្សេងទៀត ដែលងើបចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ព្រោះប្រទេស​ទាំងអស់នោះ ត្រូវគោរពតាមគោលការមួយចំនួន ដូចជាត្រូវជាប់ពន្ធគយ និងជាប់កូតាជាដើម។

លោក George EDGAR បានថ្លែងថា បើតាមការព្យាករណ៍របស់ធនាគារពិភពលោក លើផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ បង្ហាញថា ការអនុគ្រោះផ្នែកពាណិជ្ជកម្ម​ (EBA) ដែលសភាពាណិជ្ជអឺរ៉ុប ផ្តល់ឲ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច គឺប្រទេសកម្ពុជា អាចទទួលបានការអនុគ្រោះពន្ធ រហូតដល់ឆ្នាំ២០២៧។

លោក Tasilo Brinser បានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបមានវត្តមាននៅកម្ពុជា ជាយូរឆ្នាំមកហើយ ហើយសហភាពអឺរ៉ុប បានធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់នៅកំណើនសេដ្ឋកិច្ច ហើយវាពិតជាមានសារសំខាន់ណាស់ ដែលសាធារណជនទូទៅ បានដឹងអំពីអ្វីដែលសហភាពអឺរ៉ុប បាន​កំពុងធ្វើនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជួយដល់ប្រទេស​កម្ពុជា។ សហភាពអឺរ៉ុប បានផ្សព្វផ្សាយច្រើនណាស់ ដើម្បីទាក់ទាញ ការវិនិយោគពីអឺរ៉ុប​ មកប្រទេស​កម្ពុជា ដោយបានរៀបចំជាកម្មវិធីផ្សព្វផ្សាយព័ត៌មាន នៅអឺរ៉ុប​ដូចជា ការរៀបចំជាពិព័រណ៍ពាណិជ្ជកម្ម បានផ្តល់ព័ត៌មានដល់អ្នកវិយោគទុននៅអឺរ៉ុប ដែលមានគោលបំណងមកវិយោគនៅប្រទេស​កម្ពុជា ដោយបានរៀបចំជាគេហទំព័រ ហើយក៏បានផ្សព្វផ្សាយ ពីឱកាសវិនិយោគនៅប្រទេស​កម្ពុជា​ តាមរយៈសភាពណិជ្ជកម្ម ជាបណ្តាញរបស់សភាពាណិជ្ជកម្មអឺរ៉ុប ដើម្បី​ឱ្យពួកគេបានដឹងពីព័ត៌មាន និងសក្តានុពលនៅក្នុងប្រទេស​កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង