ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ថាបនារពន្ធ័លូខ្នាតធំនៅតាមបណ្តោយផ្លូវលេខ១៩៦២សម្រេចបាន៧៤ភាគរយហើយ

132

 

ភ្នំពេញ៖ ប្រពន្ធ័លូខ្នាតធំ ដែលមានមុខកាត់១ម៉ែត្រកន្លះនៅតាមបណ្តោយផ្លូវលេខ១៩៦២ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខមកដល់ពេលនេះ ការស្ថាបនាបានសម្រេចបានប្រវែង ៦៩៥៧ម៉ែត្រ គឺ ស្មើនឹង ៧៤% ហើយ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋានដាក់លូទំហំ ១.៥ម៉ែត្រ នៅផ្លូវលេខ១៩៦២ សម្រេចដាក់លូបានប្រវែង ៦៩៥៧ម ស្មើនឹង ៧៤% ហើយ ហើយបណ្តាញលូថ្មីនេះ ភ្ជាប់នឹងប្រឡាយទួលសំពៅ ដើម្បីដោះស្រាយទឹកលិចភូមិដ្ឋានប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

   លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ឲ្យដឹងហើយថា ផ្លូវលេខ១៩៦២នេះកន្លងមក មិនទាន់មានប្រពន្ធ័លូនៅឡើយទេ ដូច្នេះទើបរដ្ឋបាលរាជធានីភ្នំពេញសំរេចស្ថាបនាប្រពន្ធ័លូមេនេះក្នុងបំណងរំដោះទឹកភ្លៀងចេញពីតំបន់ផ្លូវលេខ២០១១,តំបន់ចំការព្រីងឲ្យហូរចាក់ទៅប្រឡាយទួលសំពៅ និងមួយផ្នែកទៀតរំដោះទឹកចេញពីចំណុចវត្តជុំ ទៅស្ថានីយ៏ទួលសំពៅដែលទើបស្ថាបនារួចមានកំលាំងបូមខ្លាំងជាងមុន។

   គួររំលឹកថា ការដ្ឋានដាក់ប្រពន្ធ័លូនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០១៧កន្លងមកមានបណ្តោយសរុបទាំងសងខាងផ្លូវជិត១០គីឡូម៉ែត្រក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយការងារនេះស្ថិតក្រោម ការត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ។

   ពាក៉ព័ន្ធនឹងការដ្ឋាននេះ មន្ត្រីរដ្ឋបាលរាជធានីបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មានលំនៅដ្ឋានអមសងខាងផ្លូវលេខ១៩៦២ ដែលប៉ះលើគំរោងស្ថាបនាប្រពន្ធ័លូនេះ សុំផ្តល់កិច្ចសហការដោយរុះរើសំយ៉ាប,របងឬតូបលក់ដូរផ្សេងៗដើម្បីផ្តល់ឧិកាសអោយក្រុមហ៊ុនជំរុញការស្ថាបនាប្រពន្ធ័លូនេះអោយបានរួចរាល់តាមការគ្រោងទុក។ 

   គួរបញ្ជាក់ថា រហូតមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ  បានស្ថាបនាប្រពន្ធ័លូទាំងតូចទាំងធំបានប្រមាណជាង៤២០គីឡូម៉ែត្រក្នុងរាជធានីភ្នំពេញ និងកំពុងស្ថាបនាបន្តទៀតដើម្បីធានាដល់ការនាំទឹកជំនន់ទឹកភ្លៀងចេញក្រៅក្រុងបានទាន់ពេលវេលា កាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀវ៕

អត្ថបទដែលជាប់ទាក់ទង