ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ និងអាជ្ញាធរខណ្ឌ ពីរ ដាក់គ្រឿងចក្រ កាយដីមុខទឹក រំដោះការលិចលង់

164

ភ្នំពេញ៖ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែន សុខ និងកែវ សុភា អភិបាលរងខណ្ឌពោធិសែន ជ័យ កាលពីព្រឹកថ្ងៃទី១៣ តុលា២០១៨នេះបានចុះពិនិត្យដោយផ្ទាល់ និងបានដាក់គ្រឿងចក្រចុះកាយដីមុខលូ និងស្តារប្រឡាយទួលសំពៅ ស្ថិតក្នុងតបន់ភូមិសាស្ត្រ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ ក្រោយភ្លៀងធ្លាក់មួយមេធំ កាលពីយប់ឆ្លងចូលថ្ងៃទី១៣ តុលា២០១៨នេះ។

   លោក សាំ ពិសិដ្ឋ ក្នុងឱកាសនៃការចុះពិនិត្យដោយផ្ទាល់នោះ បានបញ្ជាក់អោយដឹងថា ក្រោយពីមានភ្លៀងធ្លាក់មួយមេធំ កាលពីយប់ឆ្លងចូលថ្ងៃទី១៣ តុលា២០១៨នេះ បានធ្វើអោយតំបន់មួយចំនួន ពិសេសនៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ។ ដោយមើលឃើញពីបញ្ហានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសែន សុខ និងអាជ្ញាធរខណ្ឌពោធិសែន ជ័យ ក្រោមការណែនាំដោយផ្ទាល់ពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ តុលា២០១៨នេះ ក៏បានដាក់គ្រឿងចក្រចុះកាយដីមុខលូ និងស្តារ កាកសំណល់ សំរាម នៅប្រឡាយទួលសំពៅនេះតែម្តង ដើម្បីសម្រួលចរន្តទឹកហូរទម្លាក់ទៅ ស្ថានីយទួលសំពៅ អោយបានលឿនសម្រួលដល់ការធ្វើដំណើ និងការរស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ។

   លោកបញ្ជាក់ទៀតថា ប្រឡាយទួលសំពៅ មានតូនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពី ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី១ ទី២ ទី៣ ខណ្ឌពោធិ សែនជ័យ និងតំបន់មួយចំនួននៅក្នុងខណ្ឌសែន សុខ ដូចជាភូមិដំណាក់ សង្កាត់គោកឃ្លាង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ជាដើម។ លោកបន្តថា ជាទិសដៅចំពោះមុខ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងដាក់លូទំហំ មួយម៉ែត្រកន្លះ២ខ្សែនៅប្រឡាយទួលសំពៅ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំង រួមនិងការកែសម្រួលតភ្ជាប់លូប្រឡាយ នៅតំបន់នេះអោយកាន់តែ ល្អប្រសើរជាងមុន។ ជាងនេះទៅទៀត ជាគម្រោងនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ យើងក៏នឹងសាងសង់ ស្ថានីយទួលសំពៅមួយថ្មីបន្ថែមទៀតផងដែរ ដែលមានសមត្ថភាព បូមទឹកបាន១២ម៉ែត្រគុប ក្នុងមួយនាទី ជាមួយនឹងការបំពាក់ ម៉ូទ័របូមទឹកចំនួន៤គ្រឿង។

   លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថា ក្នុងចំណោមស្ថានីយ បូមទឹកទាំង១៣កន្លែង មានស្ថានីយបូមទឹកចំនួន៩កន្លែង បានដំណើរការបូមទឹកចេញ តាំងពីព្រឹករហូតមកដល់រសៀលថ្ងៃនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ពោលគឺលើកលែងតែស្ថានីយ នៅជាប់មាត់ទន្លេមុខវាំងតែប៉ុណ្ណោះដែលមិនធ្វើសកម្មភាព៕

 

អត្ថបទដែលជាប់ទាក់ទង