ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ផ្តល់ថវិកា២លានជូនប្រជាការពារ ដែលត្រូវមន្រ្តីប៉េអ៊ឹម បាញ់ប្រហារឲ្យរងរបួស

396

ភ្នំពេញ ៖ ថវិកាចំនួន២លានរៀល ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភជូនដល់ក្រុមគ្រួសារប្រជាការពារម្នាក់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពី

រងគ្រោះដោយមន្ត្រីប៉េអ៊ឹមម្នាក់ដកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឲ្យរងរបួសជើង ក្នុងពេលបំពេញភារកិច្ចនោះ។

   ថវិកាទាំងនេះត្រូវបានលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ នាំយកទៅប្រគល់ជូនដោយផ្ទាល់ដៃដល់មន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

  លោក ប្រាជ្ញ សីហា ខណៈនាំយកថវិកាចំនួន២លានរៀល មកឧបត្ថម្ភជូនដល់ក្រុមគ្រួសារប្រជាការពារនេះ លោកក៏បានពាំនាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យថែរក្សាសុខភាពបានល្អ ទាំងការហូបស្អាត រស់នៅស្អាត និងជូនពរឆាប់ជាសះស្បើយពីជម្ងឺ ហើយអាចឆាប់បានចូលបម្រើការងារ ជូនប្រជាពលរដ្ឋដូចដើមវិញ។

    សូមបញ្ជាក់ថា ប្រជាការពារសង្កាត់ឬស្សីកែវម្នាក់ បានរងការបាញ់ប្រហារជាច្រើនគ្រាប់ពីបុរសម្នាក់ទៀត បណ្តាលឲ្យត្រូវជើងរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង១២៖៥៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្លូវលំលេខ៣៤៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

     ជនរងគ្រោះដែលរងរបួសជាប្រជាការពារបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន កំពុងតែដេញជនសង្ស័យជិះម៉ូតូ២គ្រឿង ដែលបានបើកគេចពីកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ខណ្ឌឫស្សីកែវ រហូតដេញតាមមកដល់ផ្លូវលំលេខ៣៤៥ ស្រាប់តែឮសំឡេងកាំភ្លើង ទើបដឹងថាខ្លួនត្រូវបុរសម្នាក់តាមដេញបាញ់ពីក្រោយ ប្រមាណជា១០គ្រាប់ បណ្ដាលឲ្យចំជើងខាងស្ដាំរងរបួស។

    លោក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីផ្ទុះអាវុធ កម្លាំងនគរបាលខណ្ឌចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបាន។

ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត។ ជនបង្កឈ្មោះ ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ មុខរបរជា មន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស។ ចំណែកជនរងគ្រោះឈ្មោះ លី រតនៈ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កខាងលើ ដើម្បីយកទៅសួរនាំបន្ថែមទៀត នៅឯអធិការខណ្ឌឫស្សីកែវ៕

អត្ថបទដែលជាប់ទាក់ទង