ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៤៨ គ្រោងនឹង ត្រូវបានជួសជុលបឋមរួចរាល់ មុនពិធីបុណ្យសមុទ្រខាងមុខនេះ

75

ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណប្រតិភូចុះពិនិត្យស្ថានភាព ការដ្ឋានជួសជុលថែ ទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាតដោយជំនន់ទឹក ភ្លៀងកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ងាយស្រួល។

ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។

ជាលទ្ធផលនៃការចុះពិនិត្យនេះ កំណាត់ផ្លូវដែលខូចខាតប្រវែង៦៣គីឡូម៉ែត្រ ត្រូវបានឈូសឆាយកៀរ សម្រួលចរាចរណ៍បានប្រមាណ៧០% ហើយគ្រោងបញ្ចប់ឱ្យហើយ ជាស្ថាពរនៅមុនពិធីបុណ្យសមុទ្រដែល នឹងប្រព្រឹត្តទៅនៅខេត្តកោះកុងនៅពាក់កណ្ដាលខែធ្នូខាងមុខ។

លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវដែលរងការខូចខាតប្រវែង ៦៣ គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ដើម្បីជួសជុល ដោយអង្គភាពធំៗចំនួនបីរួមមាន៖ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រសម្រាប់ជួសជុលប្រមាណ១១៤គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១២លានដុល្លារអាមេរិក សម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់់ការចាប់ផ្តើមអនុវត្តគម្រោង ស្តារ និងធ្វើឲ្យប្រសើរឡើង ក្រោមកំចីឥណទានរបស់សាធារណរដ្ឋកូរ៉េ (EDCF)។

លោក ទេសរដ្ឋមន្ត្រីបានបន្ត៖ មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និងការដឹក ជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិមានការរីក ចម្រើន សំដៅកាត់បន្ថយភាពក្រីក្រស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះផងដែរ លោក ទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនចូល រួមថែរក្សាក្នុងស្មារតីភាពជាម្ចាស់ការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងបានក្រើនរំលឹកដល់ មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរឹងបំផុត ជៀសវាងការប្រព្រឹត្ត អំពើខុសប្រក្រតីដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរក ថវិកាកសាងដោយលំបាក៕

ការចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវជាតិលេខ៤៨ ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹឹកជញ្ជូន

Posted by ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT on Saturday, October 13, 2018

អត្ថបទដែលជាប់ទាក់ទង