ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លើយតបការលើកឡើងថា វិស័យកសិកម្មកម្ពុជា មិនទាន់ជឿនលឿន រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្តេជ្ញាក្នុងកាធ្វើកំណែទម្រង់

158

 

ភ្នំពេញ៖ ឆ្លើយតប ពីមតិពីសាធារណជនជាច្រើន ដែលបានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជា មិនទាន់មានការជឿនលឿន ដូចបណ្តាប្រទេស នៅក្នុងតំបន់មួយចំនួននៅឡើយទេ ខណៈកម្ពុជានាំចូលបន្លែពីក្រៅប្រទេស ក្នុងមួយថ្ងៃៗរាប់តោន ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ត្រូវបានលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើកំណែទម្រង់ វិស័យកសិកម្ម និងការធ្វើអាទិភាពការងារ ដើម្បីឲ្យស្របទៅនឹង ការវិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ នៅថ្នាក់តំបន់ឲ្យមាននិរន្តរភាព។

ការធ្វើកំណែទម្រង់នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្លាប់បានអះអាងថា រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយទៅនឹងវិស័យកសិកម្មនោះទេ ទោះបីជាសម្តេចតែងតែចុះជួបកម្មករ ក្នុងវិស័យកាត់ដេរក៏ដោយ គឺមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាការដាំដំណាំសិរីរាង្គ គឺគោលនយោបាយរាជរដ្ឋាភិបាលមានជាយូរមកហើយ មុនអង្គការខាងកសិកម្មមួយចំនួនបង្កើតឡើងមកម្ល៉េះ មិនមែនទើបតែបង្កើតឡើងនោះទេ។

យោងតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុករបស់ក្រសួងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹង លោក វេង សាខុន បានដឹកនាំគណៈប្រតិភូមកពីចូលរួមកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន កិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី នៅវៀតណាម។ 

ក្នុងកិច្ចប្រជុំនោះ លោកបានលើកឡើងថា បានដាក់ចេញនូវគោលនយោបាយថ្មីៗ សំដៅលើកទឹកចិត្តដល់អ្នកវិនិយោគទុន ជាពិសេសក្នុងវិស័យកសិកម្ម តាមរយៈនៃការអំពាវនាវក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ។ លោកសង្ឃឹមថា កម្ពុជានឹងអាចទទួលបានការបោះទុនវិនិយោគបន្ថែមទៀត ទាំងផ្នែកផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម។ 

លោកបន្តថា “ខ្ញុំក៏បានប្តេជ្ញាបន្តជំរុញការងារកំណែទម្រង់វិស័យកសិកម្មនៅកម្ពុជា និងការធ្វើអាទិភាពការងារ ដើម្បីឲ្យស្របទៅនឹងការវិវឌ្ឍន៏ នៃសេដ្ឋកិច្ចជាតិ និងថ្នាក់តំបន់”។

លោក វេង សាខុន ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្រ្តីកសិកម្មវៀតណាម ចិន ជប៉ុន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មឆ្លងដែន យន្តការនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតតាមរយៈផលិតផលកសិកម្មឆ្លងដែន ការរៀបចំវិធានការចំពោះបទល្មើសឆ្លងដែន ការបោះទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនដែលគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម។ 

សូមបញ្ជាក់ថា នៅឆ្នាំ២០២០ ខាងមុខកម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំលើកទី៤១ នៃរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន៕ 

អត្ថបទដែលជាប់ទាក់ទង