គណៈកម្មការផ្សារធំថ្មី ចែកជូនបណ្ណសមធម៌សុខាភិបាល ដល់បងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី បានជាង១៥៧នាក់
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងបានណែនាំ គណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ ពិនិត្យនិងអនុវត្តការងារអោយបានល្អប្រសើរជុំវិញ ការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនពួកគាត់ ទៅតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ជាក់ស្តែងមកដល់ពេលនេះ គណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ អនុវត្តការងារខាងលើបានល្អ ទាំងការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនពួកគាត់ ។
លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៧ឧសភានេះថា អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារធំថ្មីបានស្នេីសុំបណ្ណសមធម៌សុខាភិបាល ដើម្បីចែកជូនបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី សរុប២២៦នាក់ ដោយក្នុងនោះលេីកទីមួយ ស្នើសុំចំនួន៩៩នាក់ លេីកទីពីរចំនួន ៦០នាក់និងលេីកទីបីចំនួន ៦៧នាក់ ក្នុងចំនួននេះ យើងបានទទួលនិងប្រគល់ជូនពួកគាត់ចំនួន១៥៧នាក់។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាលនេះជូនគណៈកម្មការផ្សាររដ្ឋទាំង២៥នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ឧសភាកន្លងមកនេះ ដើម្បីអោយគណៈកម្មការផ្សាររដ្ឋទាំង២៥បន្តចែកជូនបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី អោយបានគ្រប់ចំនួន។
គួរបញ្ជាក់ថា បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ គឺចែកជូនក្រុមអាជីវករមានជីវភាពខ្វះខាត ក្នុងគោលដៅសម្រាប់ការប្រើប្រាស់លើការទៅពិនិត្យព្យាបាលជម្ងឺ និងថែទាំសុខភាព នៅ តាមមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យរដ្ឋទាំងអស់ដោយពុំគិតប្រាក់ ។ ក្រុមអាជីវករ បានបង្ហាញអារម្មណ៍ និងទឹកចិត្តយល់ឃើញថា ការដែលរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរ រាជធានី និងគណៈកម្មការផ្សារ គឺជាការគិតគូរយកចិត្តទុកដាក់ក្នុងការផ្តល់ ជូន ពួកគាត់ទាំងអស់គ្នានូវបណ្ណមូលនិធិសមធម៌សុខាភិបាលនៅពេលនេះ គឺបានចូលរួម សម្រួល ដល់ការកាត់បន្ថយការចំណាយប្រាក់កាសរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការពិនិត្យ ថែទាំ និងព្យាបាលជម្ងឺជាដើម៕