ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធនាគារ ចេញសេចក្ដីបំភ្លឺ ករណីអំពើហិង្សារវាងជនជាប់ឃុំ នៅពន្ធនាគារព្រៃស

62

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺករណីអំពើហិង្សារវាងជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ដែលបានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានបង្ហោះចែកចាយតាមបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធនាគារ បន្ទាប់ពីបានពន្យល់រាល់ហេតុការណ៍ដែលបានកើតឡើងហើយនោះ ក៏បានបញ្ជាក់ចំពោះករណីថតជាវីដេអូ បញ្ជូនចេញក្រៅ និងបញ្ចូលខ្លឹមសារចុះផ្សាយពាក់ព័ន្ធករណីខាងលើ អគ្គនាយកដ្ឋានពន្ធនាគារចាត់ទុកថា ជាទង្វើមានការរៀបចំជាប្រព័ន្ធដោយមានការឃុបឃិតពីសំណាក់បុគ្គល ខិលខូច អសកម្មការងារ ចាំតែលួចវាយប្រហារអង្គភាព និងមន្ត្រីដទៃ ដែលខ្លួនមិនពេញចិត្ត ជាក់ស្ដែងការលួចធ្វើលិខិតអនាមិក បន្លំខ្លួនជាគ្រួសារជនជាប់ឃុំ ប្រឌិតជាបញ្ហានានាជាដើម។

អគ្គនាយកដ្ឋានពន្ធនាគារសូមអំពាវនាវការសហការផ្ដល់ ព័ត៌មាន និងក្នុងនាមអង្គភាពសាធារណៈ ផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន និងប្រភពច្បាស់លាស់ ចៀសវាងការធ្វើអត្ថាធិប្បាយប្រឌិត មានចរិតជាព័ត៌មានអុចអាល វាយប្រហារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

បើតាមអគ្គនាយកដា្ឋនពន្ឋនាគារ , ក្រោយពីបានឃើញការបង្ហោះវីដេអូឃ្លីបអមដោយការអត្ថាធិប្បាយដោយទំព័រសារព័ត៌មានមួយចំនួន តាម
បណ្តាញសង្គម កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការវាយតប់គ្នារវាងជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ (ម១) អគ្គនាយកដ្ឋានពន្ធនាគារបានចាត់មន្ត្រីជំនាញចុះទៅធ្វើការស្រាវជ្រាវករណីខាងលើ នៅទីតាំងកើតហេតុ កាលពី ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ដើម្បីបំបាត់មន្ទិលសង្ស័យពីសំណាក់មជ្ឈដ្ឋានទូទៅ ក៏ដូចជាស្ថាប័នសារព័ត៌មាន អ្នកនាំពាក្យនៃអគ្គ នាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃមានកិត្តិយសសូមធ្វើការបំភ្លឺជាសាធារណៈ ដូចខាងក្រោម៖
ហេតុការណ៍ខាងលើបានកើតឡើងក្នុងអំឡុងពីម៉ោង៩ព្រឹក ដល់ម៉ោង១០ព្រឹក កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ក្នុងបន្ទប់លេខ០៩ អគារC នៃមណ្ឌលអប់រំកែប្រែទី១ (ម១)។

មុនពេលកើតហេតុ ជនជាប់ឃុំជាជនរងគ្រោះឈ្មោះ លី ស៊ូច (Ly Xu Jai) ជនជាតិចិន ភេទប្រុស អាយុ ៥២ឆ្នាំ ជាប់ទោសពីបទជួញដូរដោយខុសច្បាប់សារធាតុញៀន (កម្រិតទោស១២ឆ្នាំ) បានអង្គុយផឹក ហូប ចំណី និងនិយាយគ្នាលេងជាមួយជនជាប់ឃុំឈ្មោះ ព្រឹក ផាន់ណា ជនជាតិខ្មែរ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប់ទោស ពីបទជួញដូរដោយខុសច្បាប់សារធាតុញៀន (កម្រិតទោស២ឆ្នាំ) និងឈ្មោះ សន សុវណ្ណារ៉ា ជនជាតិខ្មែរ ភេទ ប្រុស អាយុ៣៦ឆ្នាំ ជាប់ទោសពីបទឃាតកម្មគិតទុកជាមុន (កម្រិតទោស១៧ឆ្នាំ)។

តាមការផ្តល់ចម្លើយដោយជនជាប់ឃុំទាំង៣ តាមរយៈការហៅសួរផ្ទាល់ម្តងម្នាក់ បានឲ្យដឹងថា ជនជាប់ឃុំ ឈ្មោះ ច្រឹក ផាន់ណា និងឈ្មោះ សន សុវណ្ណារ៉ា មានការខឹងសម្បាមកលើជនជាប់ឃុំឈ្មោះ លី ស៊ូ ច (Ly Xu Jai) ដែលនិយាយភាសាខ្មែរមិនច្បាស់ បន្ថែមដោយឥរិយាបទប្រមាថមាក់ងាយមកលើឈ្មោះ ចឹក ផាន់ណា។ ដោយមានការមិនពេញចិត្ត ទប់អារម្មណ៍មិនបាន ឈ្មោះស្រុក ផាន់ណា ក៏បានស្ទុះមកទះក្បាលឈ្មោះ លី ស៊ូច ភ្លាមៗនោះឈ្មោះ សន សុវណ្ណារ៉ា ក៏បានចូលរួមធ្វើសកម្មភាពវាយទះតប់មកលើឈ្មោះ លី ស៊ូចៃ ផងដែរ ដោយ បានអះអាងថា ដើម្បីជួយការពារឈ្មោះ ចឹក ផាន់ណា ដែលជាមិត្តភក្តិរបស់ខ្លួន កុំឲ្យឈ្មោះ លី ស៊ូច វាយតបមកវិញ ។
តាមការបំភ្លឺរបស់ជនជាប់ឃុំទាំង៣រូប ពួកគេបានជានា និងរាប់អានគ្នាជាធម្មតាវិញក្រោយរំលងហេតុ ការណ៍នោះបាន០១ថ្ងៃ ដោយជនបង្កទាំង២បានធ្វើការសុំទោសទៅលើឈ្មោះ លី ស៊ូច ឯឈ្មោះ លី ស៊ូច ក៏មិន បានប្ដឹងទៀមទារអ្វីដែរ ក្រៅពីបានស្នើមកប្រធានមណ្ឌលអប់រំកែប្រែទី១ ដើម្បីប្ដូរទៅស្នាក់នៅបន្ទប់ផ្សេង
ដោយសារជម្លោះហិង្សានោះពុំបានធ្វើឲ្យគេមានរបួសស្នាមអ្វីទេ។

ទោះបីហេតុការណ៍នេះមិនបានធ្វើឲ្យអ្នកណាម្នាក់រងរបួស ក្រោយទទួលបានព័ត៌មាននេះមួយវីដេអូ ឃ្លីបបង្ហោះលើបណ្តាញសង្គម មណ្ឌលអប់រំកែប្រែទី១បានចាត់វិធានការស្រាវជ្រាវ និងបានដាក់វិន័យលើជនជាប់ឃុំឈ្មោះ ព្រឹក ផាន់ណា និងឈ្មោះ សន សុវណ្ណារ៉ា ដោយមិនអនុញ្ញាតឲ្យជួបគ្រួសារ និងទទួលបញ្ញើសម្ភារពីក ពន្ធនាគាររយៈពេល២០ថ្ងៃ។ ពួកគេទាំង២ក៏បានទទួលកំហុស និងសន្យាផងដែរថា ខ្លួនអាចប្រឈមវិធានការ ព្រហ្មទណ្ឌ និងការដាក់វិន័យផ្សេងៗរបស់មណ្ឌល ប្រសិនខ្លួនប្រព្រិត្តទង្វើឆ្គាំឆ្គងល្មើសនឹងបទបញ្ជាផ្ទៃក្នុង ពន្ធនាគារជាថ្មីម្តងទៀត។

ចំពោះការលើកឡើងដោយថា ក្រុមគ្រួសារជនជាប់ឃុំឈ្មោះ លី ស៊ូចៃ មានការបារម្ភពីសុវត្ថិភាពរបស់គាត់ ក្នុងពន្ធនាគារ ក្រុមការងារបានសួរបញ្ជាក់ជាមួយសាមីខ្លួន តែគាត់បានបញ្ជាក់ថា ជារឿងមិនពិតទេ។ សព្វថ្ងៃគាត់ រស់នៅក្នុងជីវភាពធម្មតា មិនមានការគំរាមកំហែង ធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកណាម្នាក់ឡើយ ក្រៅពីហេតុ ការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នោះ។

ករណីលួចប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារទទួលស្គាល់ថា វាជាបញ្ហាប្រឈម ធ្ងន់ធ្ងរមួយក្នុងចំណោមបញ្ហាប្រឈមដទៃទៀតក្នុងការគ្រប់គ្រងពន្ធនាគារ។ អនុលោមតាមក្រមព្រហ្មទណ្ឌ នៃព្រះ រាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុងពន្ធនាគារ ដាក់ចេញដោយក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារបាន ចេញជាបទបញ្ជា និងសេចក្តីណែនាំ ស្តីពីចំណាត់ការ និងវិធានការផ្លូវច្បាប់ចំពោះរាល់វត្ថុហាមឃាត់ដែលដកហូត បាន ព្រមទាំងមានការចុះត្រួតពិនិត្យ ឆែកឆេរជាប្រចាំនៅតាមពន្ធនាគាររាជធានី ខេត្ត និងមណ្ឌលអប់រំកែប ដោយគណៈកម្មការចម្រុះ មានសមាសភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ។ ពិត ណាស់បញ្ហាលួចនាំចូលវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារមិនមែនកើតមានតែនៅប្រទេសកម្ពុជាយើងទេ នៅតាម
ប្រទេសជឿនលឿនដែលមានបំពាក់សម្ភារ និងឧបករណ៍បច្ចេកទេសសន្តិសុខនៅតាមពន្ធនាគារដ៏សម្បូរបែបក៏នៅ តែជួបប្រទះបញ្ហានេះដូចគ្នា។

ចំពោះករណីថតជាវីដេអូ បញ្ជូនចេញក្រៅ និងបញ្ចូលខ្លឹមសារចុះផ្សាយពាក់ព័ន្ធករណីខាងលើ អគ្គនាយកដ្ឋាន ពន្ធនាគារចាត់ទុកថា ជាទង្វើមានការរៀបចំជាប្រព័ន្ធដោយមានការឃុបឃិតពីសំណាក់បុគ្គលខិលខូច អសកម្ម ការងារ ចាំតែលួចវាយប្រហារអង្គភាព និងមន្ត្រីដទៃ ដែលខ្លួនមិនពេញចិត្ត ជាក់ស្ដែងការលួចធ្វើលិខិតអនាមិក បន្លំ ខ្លួនជាគ្រួសារជនជាប់ឃុំ ប្រឌិតជាបញ្ហានានាជាដើម ។
ក្នុងនាមអង្គភាពសាធារណៈ អគ្គនាយកដ្ឋានពន្ធនាគារសូមអំពាវនាវការសហការផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន និងប្រភពច្បាស់លាស់ ចៀសវាងការធ្វើអត្ថាធិប្បាយប្រឌិត មានចរិតជា ព័ត៌មានអុចអាល វាយប្រហារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
សេចក្ដីដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបដោយសុភវិនិច្ឆ័យ៕

អត្ថបទដែលជាប់ទាក់ទង