ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

NEA នាំយកឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺន កន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យ សំខាន់ៗជាច្រើន

38

ភ្នំពេញ៖ NEA នាំយកឱកាសការងារសរុបប្រមាណ ១.៥ ម៉ឺន កន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យ សំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាស ការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តគោលដៅចំនួន ៤ ដូចជា៖
•ខេត្តបាត់ដំបង ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ
•ខេត្តសៀមរាប ៖ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ
•ខេត្តកំពង់ធំ ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា
•ខេត្តកំពង់ចាម ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅអគារសហភាពសហព័ន្ធ យុវជនកម្ពុជា

វេទិកាទស្សនកិច្ចការងារនេះ មានគោលបំណងនាំយកឱកាសការងារ កម្មសិក្សាការងាររាប់ម៉ឺនកន្លែង និងព័ត៌មានវគ្គបណ្តុះបណ្តាលជំនាញជូនដល់អ្នកស្វែងរកការងារ យុវជន សិស្ស-និស្សិត និងសាធារណជន ព្រមទាំងផ្តល់ឱកាសជូននិយោជកដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មបានជួបដើម្បីធ្វើការសម្ភាសជាមួយអ្នកស្វែងរកការងារ។ ស្របពេលជាមួយគ្នា វេទិកានេះក៏មានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីសំណាក់វាគ្មិនជំនាញ ជូនដល់អ្នកស្វែងរកការងារ យុវជន និងសិស្ស-និស្សិត អំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ សម្រាប់ការបង្កើនឱកាសទទួលបានការងារធ្វើកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា ការរៀបចំវេទិកានេះ គឺជាយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់ប្រជាពលរដ្ឋ ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត។

វេទិកាទស្សនកិច្ចការងារនេះ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact។

ដូច្នេះ កូនក្មួយ ចៅៗ និងអ្នកស្វែងរកការងារក្នុងខេត្តគោលដៅទាំង ៤ កុំភ្លេចត្រៀម CVs ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារជាមួយក្រុមហ៊ុន សហគ្រាស ដែលខ្លួនពេញចិត្ត។

អត្ថបទដែលជាប់ទាក់ទង