ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ាន

36

 

ភ្នំពេញ ៖ អគ្គនាយកដា្ឋន អឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជំនួបតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន។

តបតាមសំណើរបស់ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី (VOLODYMYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយ ឯកឧត្តមប្រធានាធិបតី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅ ទីក្រុងភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមប្រធានាធិបតី បានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការ បណ្ដុះបណ្តាល អ្នកដោះមីនរបស់អ៊ុយក្រែន កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលបានអនុញ្ញាតឲ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញ មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់ កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។

សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន មានសេចក្ដីសោមនស្សរីករាយដែលបានជួបសន្ទនា តាមប្រព័ន្ធទូរស័ព្ទជាលើកទី២ ជាមួយ ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្ដែងដើម្បីបញ្ចប់ សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ កម្ពុជា ចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន សម្តេចតេជោ បានស្វាគមន៍ និង អបអរសាទរការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ានផងដែរ ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន។

ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណជូន សម្តេចតេជោ ចំពោះជំនួបតាមទូរសព្ទ័ដ៏រាក់ទាក់នេះ ហើយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះ រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ហើយឯកឧត្តម បានជូនពររាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ទទួលបានសន្តិភាព និង វិបុលភាពជានិរន្តរ៍៕

 

អត្ថបទដែលជាប់ទាក់ទង