ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ៖ ភ្នាក់ងារសន្ដិសុខឯកជន បានចូលរួមសហការជាមួយ កម្លាំងសមត្ថកិច្ចការពារព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអំពាវនាវឲ្យបន្ដចូលរួម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

89

 

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនទាំងអស់ ដែលបានបញ្ជូនភ្នាក់ងាររបស់ខ្លួនចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីការពារព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យកាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៩ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារសន្ដិសុខឯកជន បន្ដរក្សាស្មារតីនៃការចូលរួមនេះ ដើម្បីចូលរួមជាមួយសមត្ថកិច្ចការពារព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលខាងមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលបានចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នូវព្រឹត្តការណ៍ប្រកួតកីឡា Sea Games លើកទី៣២ ឆ្នាំ២០២៣ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាពិសេស ភ្នាក់ងារសន្តិសុខឯកជន ដែលបានចូលរួមការពារនោះ មានការយកចិត្តទុកដាក់ គោរពវិន័យ គោរពបទបញ្ជា និងមានក្រមសីលធម៌ អប្បកិរិយាល្អ ក្នុងពេលបំពេញបេសកកម្មមួយនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមប្រធាននាយកដ្ឋានជំនាញ បានបន្ដទៀតថា កម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម ១ទៀត នឹងចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ខ្ញុំសូមឲ្យក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងភ្នាក់ងារសន្តិសុខឯកជន បន្តនូវបេសកកម្មនេះឲ្យទទួលបានជោគជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្តថា វិស័យសន្តិសុខឯកជន គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានចក្ខុវិស័យយ៉ាងម៉ត់ចត់ ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណ និងសង្គម។ ជាពិសេស ភ្នាក់ងារសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ ដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិតជាមានសារសំខាន់ណាស់ ដែលធ្វើអោយភូមិ-ឃុំ-សង្កាត់ មានសន្តិសុខ សុវត្ថិភាព ពិសេស គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើអោយយើងរស់នៅបានសុខដុមរមនា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ដថា ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា២៤/២៤ម៉ោង ដែលសមត្ថកិច្ចមិនអាចធ្វើបាន ហេតុនេះហើយលោកសូមអំពាវនាវដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានអរគុណដល់ភ្នាក់ងារសន្តិសុខឯកជន ដែលកន្លងមកបានចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ពោលគឺមានកិច្ចសហការល្អជាមួយសមត្ថកិច្ច ដែលបានរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។ បន្ថែមពីនេះ ឯកឧត្តមជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជន បន្ដបង្កើនការយកចិត្តទុកដាក់ពង្រឹងការការពារបន្ថែមទៀត នៅតាមគោលដៅដែលខ្លួនឈរជើង ពិសេសនៅក្នុងបុរីជាដើម៕

អត្ថបទដែលជាប់ទាក់ទង