ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ប្រវែងសរុប ១៣៥,១០ គ.ម នៅព្រឹកថ្ងៃទី០៧ ខែមិថុនា

63

 

ភ្នំពេញ ៖ ផ្លូវល្បឿនលឿនទី២(ភ្នំពេញ-បាវិត) ប្រវែងសរុប ១៣៥,១០ គ.ម ក្រោមទម្រង់វិនិយោគសាងសង់- ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែងសរុប ៣,៧០ គ.ម ដោយប្រើប្រាស់ថវិកាជាតិ គ្រោងនឹងបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។

កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ ទន្ទឹមនេះ កិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្ត ក្រោមក្របខណ្ឌច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា “ខ” និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។ ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។

ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង PPP។ សូមជម្រាបជូនថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។

គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង