ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ខ្មែរយើងសម័យនេះ មិនអាចឲ្យបរទេសគ្រប់គ្រង បង្វិលក្បាល តាមរយៈជំនួយទេ!

156

ភ្នំពេញ៖ អំឡុងពេលជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មិនអាចឲ្យបរទេសគ្រប់គ្រង បង្វិលក្បាល តាមរយៈជំនួយទៀតនោះទេ។ កម្ពុជា គឺត្រូវប្រឹងប្រែងក្រោកឈរ រស់ដោយខ្លួនឯង។

ជាមួយនឹងជំហរម៉ឺងម៉ាត់ រឹងដូចដែកថែបដូច្នេះ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងកម្ពុជា ក៏បានប្រកាសឲ្យខ្មែរទាំងអស់ ត្រូវតែក្លាហាន ខ្មែរយើងត្រូវចេះងើបឡើង ធ្វើម្ចាស់លើខ្លួនឯង កំណត់វាសនាខ្លួនឯង កុំឲ្យគេគ្រប់គ្រង។ សម្តេចតេជោ ក៏បានថ្លែងផ្ញើសារ ទៅកាន់ខ្មែរមួយចំនួន កុំឲ្យអោនក្បាលដាក់បរទេស ហើយកុំធ្វើខ្លួន ជាឆ្កែបម្រើបរទេស។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាស ពីជំហរដ៏ម៉ឺងម៉ាត់ ចំពោះមុខបរទេសខាងលើនេះ គឺសម្តេច សំដៅលើសហភាពអឺរ៉ុប ដែលបានព្រមាន ដកប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញរបស់កម្ពុជា ដែលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។ ការព្រមានដកប្រព័ន្ធ អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ ក៏ដោយសារមានខ្មែរមួយចំនួន គឺអតីតក្រុមគណបក្សប្រឆាំង ដឹកនាំដោយលោកសមរង្ស៊ី បានអោនក្បាល ព្រមធ្វើឆ្កែ អង្វរឲ្យសហភាពអឺរ៉ុប ដកការអនុគ្រោះពន្ធលើមុខទំនិញកម្ពុជា ដែលភាគច្រើននាំចូលទីផ្សារសហភាពអឺរ៉ុប ជាផលិតផលកាត់ដេរ ដែលមានកម្មករខ្មែរប្រមាណជិត ១លាននាក់។ ប្រការនេះ ក្រុមអតីតគណបក្សប្រឆាំង ចាត់ទុកថា ជាការដាក់ការគាបសង្កត់ លើរាជរដ្ឋាភិបាលកម្ពុជា ដែលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តច្បាប់ លើអតីតមេដឹកនាំ និងអតីតគណបក្សប្រឆាំង ដែលបានឃុបឃិតជាមួយបរទេស ក្នុងបំណងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់កម្ពុជា។

ផ្ទុយទៅវិញ ក្រុមខ្មែរ ដែលជាអតីតគណបក្សប្រឆាំង មិនបានគិតដល់ជោគវាសនា របស់កម្មករកាត់ដេរកម្ពុជា ដែលកំពុងបម្រើការងារជិត ១លាននាក់ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេ និងប្រជាពលរដ្ឋកម្ពុជា រាប់សែនលាននាក់ផ្សេងទៀត ដែលនឹងរងផលប៉ះពាល់ ដោយសារតែ ការផ្តាច់នូវការអនុគ្រោះពន្ធ លើមុខទំនិញរបស់កម្ពុជា នាំចូលទីផ្សារ ប្រទេសជាសមាជិក សហភាពអឺរ៉ុប នាពេលខាងមុខឡើយ។

ឯកសារ បង្ហាញថា កាលពីឆ្នាំ២០១៧ កម្ពុជាបាននាំទំនិញ ដែលភាគច្រើន ជាផលិតផលកាត់ដេរ និងអង្ករ ជាដើម ចូលទីផ្សារអឺរ៉ុប ដោយមិនបង់ពន្ធ មានតម្លៃប្រមាណ ៥៧០០ លានដុល្លារអាមេរិក។ ក៏ប៉ុន្តែបើសិនជា មុខទំនិញទាំងនោះ ត្រូវបង់ពន្ធវិញ គឺកម្ពុជាត្រូវចំណាយ ប្រមាណ ៥០០ លានដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ ករណីនេះ ពិតជាខាតបង់ ដល់កម្ពុជាហើយ។ ក៏ប៉ុន្តែដើម្បីរក្សាអធិបតេយ្យ មិនចុះញ៉មនិងមិនអោនក្បាល នឹងបរទេសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឆ្លើយតបភ្លាមៗថា កម្ពុជាសុខចិត្តបង់ពន្ធ លើមុខទំនិញ ទាំងអស់នោះ ជាជាងការអោនក្បាល ស្តាប់តាមការបង្គាប់ បញ្ជារបស់បរទេស ក្នុងករណីស្ថានការណ៍នយោបាយ នៅកម្ពុជា ដែលកម្ពុជាគ្រាន់តែអនុវត្តច្បាប់ លើអតីតគណបក្សប្រឆាំង ដឹកនាំដោយលោកសមរង្ស៊ី។

ចំពោះការតម្រូវរបស់សហភាពអឺរ៉ុប ឲ្យបង់ពន្ធលើមុខទំនិញរបស់កម្ពុជា គឺប្រមុខរាជរដ្ឋាភិបាល ពិតជាបានដឹង និងបានគិតគូរ ច្បាស់លាស់ រួចស្រចទៅហើយ។ កម្ពុជាពិតជាមានលទ្ធភាព ក្នុងការបង់ពន្ធលើមុខទំនិញនាំចូល ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ បើសិនជាត្រូវបង់ពន្ធមែន គឺរាជរដ្ឋាភិបាលកម្ពុជា អាចនឹងបន្ធូរបន្ថយ ដល់បណ្តាក្រុមហ៊ុនទាំងឡាយ នូវការបញ្ចុះតម្លៃពន្ធ លើការនាំចូល វត្ថុធាតុដើម បញ្ចុះតម្លៃពន្ធនានា ព្រមទាំងបញ្ចុះតម្លៃអគ្គិសនី ជាដើម។

មួយវិញទៀត នៅពេលក្រុមហ៊ុន នាំចេញនូវផលិតផល សម្រេចរបស់ខ្លួន ចេញពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជា ក៏អាចជួយសម្របសម្រួល បែបបទនីតិវិធីនានា ហើយក៏អាចបន្ធូរបន្ថយ លើពន្ធនាំចេញ និងថ្លៃដឹកជញ្ជូន ជាដើម។

ជាមួយគ្នានោះ ក្រុមហ៊ុន ដែលវិនិយោគនៅកម្ពុជា ដើម្បីនាំទំនិញទៅ កាន់ទីផ្សារអឺរ៉ុប ក៏អាចបន្ថយនូវប្រាក់ចំណេញរបស់ខ្លួន ដើម្បីចំណាយលើការបង់ពន្ធ លើមុខទំនិញទាំងនោះ ព្រោះថា បើគិតពីឆ្នាំ២០១៧ គឺទំនិញ ដែលនាំចេញពីកម្ពុជា ដោយភាគច្រើនជាផលិតផលកាត់ដេរ ទៅកាន់ទីផ្សារអឺរ៉ុប មានតម្លៃដល់ទៅ ៥៧០០ លានដុល្លារអាមេរិក ហើយបើសិនជា ត្រូវបង់ពន្ធ គឺក្រុមហ៊ុន ត្រូវចំណាយត្រឹមតែប្រមាណ ៥០០ លានដុល្លារអាមេរិក ដូច្នេះក្រុមហ៊ុន ដែលវិនិយោគរកស៊ី នៅកម្ពុជា ក៏នៅសល់ ៥២០០ លានដុល្លារអាមេរិក ដែលទូទាត់ទៅ គឺក្រុមហ៊ុន ក៏នៅតែចំណេញយ៉ាងច្រើនដដែលទេ តើ! ក្នុងនោះ ក្រុមហ៊ុន ដែលរកស៊ីនាំទំនិញ ចេញពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ក៏បានរួចពន្ធ មិនមែន ពីរបីឆ្នាំចុងក្រោយនេះឯណា គឺយូរឆ្នាំណាស់មកហើយ តាំងពីអំឡុងឆ្នាំ២០០០ជាង មកម្លេះ។

មួយវិញទៀត សេដ្ឋកិច្ចរបស់កម្ពុជា សព្វថ្ងៃ ក៏រីកចម្រើន ដែលមានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ។ ទីផ្សារកម្ពុជា ក៏មនមែនពឹងតែលើទីផ្សារអឺរ៉ុប មួយឯណា! កម្ពុជាមានយុទ្ធសាស្ត្រ ទីផ្សារសេរី ដោយបើកចំហជើងមេឃ។ កម្ពុជារកស៊ីជាមួយ គ្រប់បណ្តាប្រទេសលើពិភពលោក។ ក្នុងនោះ ចិន អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ជាដើម គឺសុទ្ធតែកម្ពុជាចាប់ដៃរកស៊ី ជាមួយទាំងអស់។ ទីផ្សារបណ្តាប្រទេសទាំងនេះ គឺសុទ្ធតែគិតពន្ធលើមុខទំនិញ របស់កម្ពុជា យូរឆ្នាំណាស់មកហើយ។ ហេតុដូច្នេះ ហេតុអ្វីបានជាកម្ពុជា ត្រូវខ្លាច មិនហ៊ានប្រកួតប្រជែង នឹងទីផ្សារអឺរ៉ុប?

ក្រោមនយោបាយ បើកចំហជើងមេឃ របស់សម្តេចតេជោ ហ៊ុន សែន សព្វថ្ងៃ អ្នកវិនិយោគចិន ជប៉ុន និងកូរ៉េខាងត្បូង ជាដើម ក៏បានចូលមកបណ្តាក់ទុន កាន់តែច្រើនឡើងៗ នៅប្រទេសកម្ពុជា។

សរុបមក កម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺត្រូវម៉ឺងម៉ាត់ ប្រឹងក្រោកឈរ ដើរ និងរស់ដោយខ្លួនឯង មិនត្រូវចុះញ៉មនឹងបរទេស ដោយសារតែជំនួយ ឬការបន្ធូរបន្ថយពន្ធ លើមុខទំនិញទៀតនោះទេ។ កម្ពុជាមានអធិបតេយ្យជាតិ និងត្រូវរស់ដោយស្មើមុខ ស្មើមាត់ជាមួយ គ្រប់បណ្តាប្រទេសទាំងអស់ លើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង