ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតនូវែលសេឡង់ បានជម្រាបអំពីចំណាប់អារម្មណ៍ របស់ក្រុមហ៊ុននូវែលសេឡង់ ក្នុងការវិនិយោគលើផ្នែកផលិតកម្មនៅកម្ពុជា

37

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ រដ្ឋលេខាធិការ ទួត បញ្ញា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញដោយពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកជំទាវ ទួត បញ្ញា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនូវែលសេឡង់ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ទន្ទឹមនឹងការកត់សម្គាល់ពីការកើនឡើងជាលំដាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុននូវែលសេឡង់ ក្នុងការវិនិយោគលើផ្នែកផលិតកម្មនៅកម្ពុជា។ ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យអប់រំ កសិកម្ម ថាមពលកកើតឡើងវិញ ការបោសសម្អាតមីន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ រវាងក្រសួងការបរទេសកម្ពុជា និងនូវែលសេឡង់ នៅចុងឆ្នាំនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ។

លើសពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម។

អត្ថបទដែលជាប់ទាក់ទង