ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជន​បង់រំលស់​ប្រាក់យឺតយ៉ាវ

48

 

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់បុរីទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ នូវការរឹបអូសផ្ទះពីអតិថិជន​បង់រំលស់​ប្រាក់យឺតយ៉ាវ ខណៈសម្ដេច ក៏បានណែនាំឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍​លំនៅឋានកម្ពុជាសហការគ្នារៀបចំឡើងវិញ នូវនីតិវិធីសម្រាប់ការឥណទានបង់រំលស់​ផ្ទះរបស់ប្រជាពលរដ្ឋ ​ដើម្បីធ្វើយ៉ាងណាអាចឱ្យពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ទៀត នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មួយមួយចំនួន ក៏កំពុងរៀបចំឡើងវិញ លើគណនេយ្យបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋរាប់សែន​គណនេយ្យ ដើម្បីពិនិត្យមើលលើនីតិវិធី ឬអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះ​របស់ប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការផ្ទាល់របស់សម្ដេច ត្រូវរៀបចំ​បញ្ជីពោះបុរីណាដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋបង់ប្រាក់យឺតយ៉ាវ​នាពេលកន្លងទៅ ដើម្បីអាចស្វែងរកដំណោះស្រាយលើបញ្ហាជូនប្រជាពលរដ្ឋបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំប្រគល់ការងារនេះឲ្យ សុខចិន្តា តើមនុស្សប៉ុន្មាននាក់ត្រូវបានគេរឹបអូសផ្ទះ ហើយម្នាក់ៗត្រូវបង់ឲ្យគេប៉ុន្មានរួចហើយគេរឹបអូស ឥឡូវសុំអញ្ជើញទៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទំនាក់ទំនងគ្នាងាយស្រួល ខ្ញុំគាន់តែចង់ដឹងតួលេខនេះ ហើយបុរីណាខ្លះដែលបានរឹបអូស អីចឹងយើងពិនិត្យមើល»។

សម្តេចតេជោបញ្ជាក់ថា ការស្រង់បញ្ជីឈ្មោះអ្នកដែលត្រូវគេរឹបអូសផ្ទះនេះ គឺជាផ្នែកមួយនៃយុត្តិធម៌សង្គម ដែលសម្តេចត្រូវតែពិនិត្យ ព្រោះការរឹមអូសខ្លះឆៅៗពេក ដែលបង្កើតឲ្យមានទឹកភ្នែកសម្រាប់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន ស្នើទៅម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយបញ្ចៀសបានការរឹបអូសផ្ទះ។ សម្តេចក៏បានស្នើឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយពិនិត្យ និងសម្រួលលើការបង់រំលោះផ្ទះនៅតាមបុរីផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង