ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ បន្តបើកសំណើដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៣ លើឃុំចំនួន៥ ទទួលបានផ្លូវបេតុង ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន

57

(ព្រះសីហនុ)៖ ស្រុកព្រៃនប់ ឃុំ៥ ទទួលបាន គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣លើដែលនឹងទទួលបានការសាងសង់ផ្លូវបេតុងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឃុំទាំង០៥ ដែលទទួលបានរួមមាន៖ ឃុំព្រៃនប់, ឃុំទួលទទឹង, ឃុំរាម, ឃុំអណ្តូងថ្ម, និងឃុំជើងគោ។

ឃុំដែលទទួលបានគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ទាំង៥នេះ គឺធ្វើឡើងក្រោយមានការបើកសំណើដេញថ្លៃ គម្រោងមូលនិធិរួមគ្នា នៅសាលប្រជុំសាលាស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការដឹកនាំសម្របសម្រួលពី លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្ត លោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក លោកមេឃុំទាំង ក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំង៥ និងក្រុមហ៊ុនដែលបានដាក់សំណើដេញថ្លៃមានចំនួន៨ក្រុមហ៊ុន។

មានប្រសាសន៍ក្នុងកម្មពិធីលោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣ បានដាក់ឲ្យដំណើរការដេញថ្លៃ ជាបន្តបន្ទាប់ នៅទូទាំងខេត្តព្រះសីហនុ។
ជាក់ស្ដែងនៅព្រឹកនេះ រដ្ឋបាលស្រុកព្រៃនប់មានការបើកសំណើដេញថ្លៃ គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ឆ្នាំ២០២៣។

នាយកទីចាត់ការបានគូសបញ្ជាក់ថា គម្រោងសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ត្រឹមត្រូវតាមស្តង់ដារដំណើរការនៃកម្មពិធីទាំងមូល ហើយជាលទ្ធផលទទួលបាន ឃុំព្រៃនប់ គម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ, ឃុំទួលទទឹង បានគម្រោងផ្លូវបេតុងអាមេ២ខ្សែ មានប្រវែង៣៣០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ, ឃុំរាម គម្រោងផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ៤៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ, ឃុំអណ្តូងថ្ម បានគម្រោងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ, និងឃុំជើងគោ គម្រោងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៤៥១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ។

ក្នុងនោះម្ចាស់ក្រុមហ៊ុន ដែលដេញថ្លៃ បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន។

ជាមួយគ្នានេះនាយកទីចាត់ការ ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង