ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានIPU អបអរសាទរសមិទ្ធផល និងការបោះឆ្នោតនៅកម្ពុជា

130


នៅពេលអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣៩ នៃសហភាពអន្តរសភានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី ឃួន សុដារី អនុប្រធាន ទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Gabriela Cueva Barron ប្រធានសហភាព អន្តរសភា(IPU)​ នៅល្ងាច​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៨។

នាឱកាសនោះ លោកស្រី ឃួន សុដារី បានពាំនាំសារអបអរសាទរពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកជំទាវ ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែង ក្នុងឋានៈលោកជំទាវជាប្រធានសហភាពអន្តរសភា ដែលមានសមាជិកដល់ទៅ១៧៨ប្រទេសនៅ ទូទាំងពិភពលោកឆ្ពោះទៅរកភាពជោគជ័យ។

ជាមួយគ្នានេះ ប្រធានគណៈប្រតិភូសភាកម្ពុជា បានជម្រាប លោកស្រី Gabriela Cueva Barron ពីការបោះឆ្នោតជាសកលនៅកម្ពុជា​ កាលពី ខែកក្កដា ឆ្នាំ២០១៨ ដែលមាន គណបក្សនយោបាយ ចំនួន២០ បានប្រកួតប្រជែង ដែលបានបង្ហាញយ៉ាងច្បាស់លាស់ ពីគោលការណ៍សេរី ពហុគណបក្ស។

លោកស្រីបានគូសបញ្ជាក់ថា​ ការបោះឆ្នោតបានឆ្លុះបញ្ចាំងនូវភាពយុត្តិធម៌ ត្រឹមត្រូវ ដោយមានអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការ ប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។ មានអ្នកចូលរួមបោះឆ្នោតជិត៧លាននាក់ បើគិតជាភាគរយ៨៣.០២% នៃអ្នកចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតសរុប។ អ្នកសង្កេតការណ៍អន្តរជាតិចំនួន៥៣៩​នាក់​ មកពីប្រទេសជាង៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យ មើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្រ​របស់ប្រទេសកម្ពុជា។

លោកស្រីឃួន សុដារី បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិ មួយក្តាប់តូច នាំគ្នាដើរបំភ្លៃការពិត បោកប្រាស់អន្តរជាតិ ក្នុងចេតនាយង់ឃ្នង ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនឥតឈប់ឈរ ក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។

លោកស្រី ឃួន សុដារី ក៏បានអញ្ជើញលោកជំទាវប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧របស់វេទិកាសភាអាស៊ី-ប៉ាសុីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកជំទាវពិនិត្យអំពីស្ថានភាព របស់កម្ពុជាផងដែរ។

លោកស្រី Gabriela Cueva Barron បានឯកភាពការលើកឡើងរបស់ លោកស្រី ឃួន សុដារី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨ បានបង្ហាញអំពីដំណើរការលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង