ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានឈើ នៅប្រាសាទបេងមាលា ត្រូវបានជួសជុលស្ពានឈើឡើងវិញ ខណៈស្ពានចាស់មានភាពពុកផុយដោយអន្លើ

119


សៀមរាប៖ ប្រាសាទបេងមាលា បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការបែកបាក់ច្រើន ក៏ប៉ុន្តែនូវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ។

ប៉ុន្តែដោយសារកត្តាអាយុកាល អាកាសធាតុ បានធ្វើឱ្យស្ពានឈើដែលសង់ឡើងកាលពីឆ្នាំ២០០២ រងនូវការពុកផុយដោយអន្លើរអាចបង្កឱ្យគ្រោះថ្នាក់ ហើយស្ថានភាពស្ពានតូចចង្អៀត ពិបាកទេសចរធ្វើដំណើរនិងដើរជៀសគ្នាផងនោះ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សាមេត បានរុះស្ពានចាស់ធ្វើស្ពានថ្មីទាំងស្រុង មានទទឹងមួយម៉ែត្រកន្លះ ប្រវែង១៨៣ម៉ែត្រ ក្នុងប្រវែងស្ពានសរុប២៦៣ម៉ែត្រ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការសាងសង់ស្ពានឈើបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរាជាអ្នកទទួលខុសត្រូវលើបច្ចេកទេសសាងសង់ រីឯក្រុមហ៊ុន ខាំ សាមេត ជាអ្នកផ្តល់ថវិកាក្នុងការសាងសង់។ សំណង់ស្ពានថ្មីនេះប្រើឈើអស់ចំនួនជាង៨០ម៉ែត្រគូប មានឈើបីប្រភេទ គឺផ្ចឹក គគីរ និងរាំង ដែលធន់នឹងអាកាសធាតុ ហើយធានាគុណភាពបានយូរឆ្នាំ។

លោកបណ្ឌិត រដ្ឋា បន្តទៀតថា ការសង់ស្ពានថ្មីនេះធ្វើឡើងក្នុងបំណងការពារសុវត្ថិភាពអ្នកទស្សនាដែលកើនឡើងជាលំដាប់ ការពារមិនឱ្យទេសចរចុះជាន់លើថ្មនាំឱ្យរអិលឬធ្លាក់នាំគ្រោះថ្នាក់ដល់ខ្លួន ហើយប៉ះពាល់ដល់ថ្មប្រាសាទ និងសម្រួលដល់ការធ្វើដំណើរជៀសគ្នាថែមទៀត។ ចំពោះការសាងសង់វិញ ក្រុមការងារបុរាណវិទូនិងស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់និងសិក្សាយ៉ាងល្អិតល្អន់ ទាំងប្លង់ រួមទាំងបញ្ជៀសហានិភ័យផ្សេងៗដល់ថ្មប្រាសាទដោយការមិនជីកដីដាំសសរ បើកន្លែងប៉ះថ្ម គឺប្រើសំបកកង់ឡានទ្រាប់ពីលើជៀសវាងការកកិត។ ដោយឡែក សម្រាប់ស្ពានចាស់ ដែលមានទំហំសមល្មម និងមានភាពមាំទាំនៅឡើយ ក៏ក្រុមការងារបន្តការយកចិត្តទុកដាក់ថែទាំពង្រឹងបន្ថែមទៀតដែរ។

សូមបញ្ជាក់ថា ស្ពានឈើដែលជាសោភ័ណភាពមួយនៃប្រាសាទបេងមាលានេះ កើតឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តហូលីវូដបានសុំការអនុញ្ញាត​ពីអាជ្ញាធរជាតិអប្សរាដើម្បីធ្វើស្ពានឈើចូលទៅក្នុងប្រាសាទ​សម្រាប់ជញ្ជូនសម្ភារៈក្នុងការថតភាពយន្ត​ និងជួយផ្សព្វផ្សាយដល់ទេសចរឱ្យស្គាល់ពីប្រាសាទបេងមាលាផង។ ក្រោយមកដោយកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ធ្វើឱ្យភ្ញៀវខ្លះជាន់ថ្មប្រាសាទពេលដើរទស្សនា ហើយមើលឃើញពីប្រយោជន៍​នៃស្ពានឈើនេះអាចសង្គ្រោះដល់ប្រាសាទផងនោះ អាជា្ញធរជាតិអប្សរាក៏បានបន្តពង្រីក​ធ្វើស្ពានឈើនេះជាបន្តភ្ជាប់ជាមួយស្ពានចាស់រហូតមកសព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង