ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាសកម្មភាពស្នេហាជាតិ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដោយចីរភាព

213


(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានចាត់ទុកការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាសកម្មភាពស្នេហាជាតិ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរតែចូលរួម ដើម្បីពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងលើកទឹកចិត្តសហគ្រិន ក៏ដូចជាការធ្វើពិពិធកម្មឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ ដែលជាកត្តាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងដាស់ពញ្ញាក់ស្មារតីប្រជាជនខ្មែរ ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ទំនិញផលិតក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានលើកឡើងអំពីឱកាស និងបញ្ហាប្រឈមមួយចំនួនរបស់កម្ពុជា ក្រោយការចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ស្តីពីលំហូរទំនិញ និងសេវាកម្ម ដែលផ្តល់ឱ្យប្រទេសសមាជិកទាំងអស់ អាចធ្វើចរាចរណ៍ទំនិញ និងសេវាកម្មឥតកំណត់ នៅក្នុងតំបន់អាស៊ាន។ ដើម្បីឆ្លើយតបបញ្ហានេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសផលិតករ សហគ្រិន និងប្រជាជនខ្មែរទាំងអស់។

“ខណៈដែលក្រសួងពាណិជ្ជកម្ម កំពុងខិតខំស្វែងរកទីផ្សារថ្មីៗជូនវិស័យឯកជន បងប្អូនផលិតករ និងសហគ្រិន ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ និងពង្រឹងគុណភាពផលិតផលជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ហើយបងប្អូនប្រជាពលរដ្ឋ ត្រូវជួយគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ និងបំផុសចលនាទិញឱ្យបានច្រើន ដើម្បីទ្រទ្រង់ផលិតកម្មក្នុងស្រុក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា”លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

បន្ថែមលើនេះទៀត លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវកិត្តិយស និងអ្នកចូលរួម អំពីកិច្ចអន្តរគមន៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងការកាត់បន្ថយវត្តមានផលិតផលបរទេសនៅតាមទីផ្សារ តាមរយៈការចងក្រង និងអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម និងការសម្របសម្រួលវិស័យឯកជនកម្ពុជា ក្នុងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនានា ដើម្បីផ្សព្វផ្សាយ និងធ្វើពិពិធកម្ម (ពង្រីក) ការនាំចេញផលិតផលខ្មែរទៅកាន់ទៅផ្សារបរទេស ឱ្យបានអតិបរមា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ គឺជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ទីផ្សារ ផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគោលដៅសសរស្តម្ភទី៣ ស្តីពីការអភិវឌ្ឍវិស័យឯកជន និងការងារ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងរយៈពេលកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំយុទ្ធនាការនេះ ដោយជោគជ័យចំនួនពីររដូវកាលរួចមកហើយ គឺរដូវកាលទី១ នៅក្នុងខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ និងរាជធានីភ្នំពេញ ហើយរដូវកាលទី២ នៅក្នុងខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ សម្រាប់រដូវកាលទី៣នេះ ក្រសួងពាណិជ្ជកម្ម បានកំណត់យករាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តកណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ធ្វើជាកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង