ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៩ខែឆ្នាំ២០១៨ ពន្ធដារប្រមូលពន្ធ បានជិត១,៧ពាន់លានដុល្លារ

252


(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ​​ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦,.៧៦៦,៣៧ប៊ីលានរៀល (ប្រមាណ១.៦៩១,៥៩លានដុល្លារអាមេរិក) កើនឡើង១៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី១៨ ខែតុលានេះ បានឲ្យដឹងថា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ​​ ដែលអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ នៅថ្ងៃទី១៨ ខែតុលានេះ បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានសរុបចំនួន ៦.៧៦៦,៣៧ ប៊ីលានរៀល (ប្រមាណ១.៦៩១,៥៩ លានដុល្លារអាមេរិក) ស្មើនឹង៨៧,៩៥% នៃផែនការ។

ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូល បាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន៧៥៣,១៧ ប៊ីលានរៀល (ប្រមាណជា១៨៨,២៩លានដុល្លារអាមេរិក) ស្មើនឹង៩,៧៩% នៃផែនការច្បាប់។

ក្នុងឱកាសនោះ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។

សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ចំនួន ៧.៦៩៣,៥០ ប៊ីលានរៀល (ប្រមាណជា ១.៩២៣,៣៨លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង