ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌច្បារអំពៅ បើកសិក្ខា សាលា សមាហរណកម្ម​ផែនការ​សង្កាត់ នៅថ្នាក់ខណ្ឌ លើកម្មវិធីវិនិយោគ​បីឆ្នាំរំកិល(២០១៩-២០២១)

585
ភ្នំពេញ ៖ សាលាច្បារអំពៅ នៅព្រឹកថ្ងៃទី១៩ ខែតុលា  ឆ្នាំ២០១៨ បានបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សំរាប់កម្មវិធីវិនិយោគ បីឆ្នាំរំកិល២០១៩-២០២១ ក្រោមវត្តមាន លោក មាន ចាន់យ៉ាដា  អភិបាលរង រាជធានីភ្នំពេញ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ នាយកទីចាត់ការផែនការ និងវិនិយោគរាជធានីភ្នំពេញ ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោក-លោកស្រី អភិបាលរងខណ្ឌ ព្រមទាំងចៅសង្កាត់ទាំង៨ មន្ទីរពាក់ព័ន្ធនានា និងបណ្តាអង្គការដៃគូ និងសប្បុរសជននានា។
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម​ នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០១៩-២០២១ របស់ខណ្ឌ និងផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០១៨ បានរៀបចំឡើងតាមផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវ មានការចូលរួមគាំទ្រពីសំណាក់ អស់លោក លោកស្រី ដើម្បីឲ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខណ្ឌបានបន្តថា គោលបំណងនៃការរៀបចំ សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយគម្រោង វិនិយោគ អាទិភាពបីឆ្នាំរំកិល២០១៩-២០២១ របស់ខណ្ឌ និងផ្សព្វផ្សាយ គម្រោងវិនិយោគអាទិភាព របស់សង្កាត់សម្រាប់អនុវត្តន៍ឆ្នាំ២០១៨ និងស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។
លោក ចេង មុនីរ៉ា បានបង្ហាញពីលទ្ឋផល នៃការអនុវត្តន៍គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០១៨នេះ មាន៨៣គម្រោង អនុវត្តបាន ៧៩គម្រោង ស្មើ ៩៥ភាគរយ ។ ក្នុងនោះមានផ្នែកសេដ្ឋកិច្ច ២៧គម្រោង, ផ្នែកសង្គមកិច្ច ចំនួន ៣៥គម្រោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិបរិស្ថាន ៨គម្រោង, ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ៩គម្រោង ។ ដោយឡែកសម្រាប់គម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនាពេលនេះ រួមមានគម្រោងអាទិភាពរបស់ខណ្ឌ ចំនួន ៩៤គម្រោង និងគម្រោងរបស់សង្កាត់ទាំង៨ មាន ៤៥៩គម្រោង ។
ក្នុងនោះដែរ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់បណ្តាអង្គការ និងមន្ទីរពាក់ព័ន្ធនានា ត្រូវតែពិនិត្យគម្រោងអភិវឌ្ឍន៍ ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ឲ្យបានច្បាស់លាស់ គឺត្រូវតែញែកចេញពីគ្នាឲ្យដាច់ថា គម្រោងណាដែលយើងត្រូវគាំទ្រថ្នាក់ខណ្ឌ ហើយគម្រោងណាត្រូវគាំទ្រថ្នាក់សង្កាត់ ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍ទទួលបានជោគជ័យ។
ក្នងឱកាសនោះដែរ លោក មាន ចាន់យ៉ាដា ក៏បានថ្លែងកោតសរសើរដល់រដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ១ បានល្អប្រសើរ និងសូមបន្តការងារនេះទៀត ។
ថ្លែងក្នុងអង្គសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០១៩-២០២១នេះ លោក ចេង មុនីរ៉ា តាងនាមក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ បណ្តាអង្គការជាដៃគូ អភិវឌ្ឍន៍ មន្ទីរក្នុងការគាំទ្រ គម្រោងយ៉ាងច្រើនលើសលប់នាពេលនេះ ដើម្បីការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន៕
អត្ថបទដែលជាប់ទាក់ទង