ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ បន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចរបស់ រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ឲ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ

144

ភ្នំពេញ៖ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនៅអនុសាសន៍របស់លោកឃួង ស្រេង អភិបាលរាជធានី ដោយបានជំរុញឲ្យ គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញបន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ ខណៈដែការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ទទួលបាននូវភាពជោគជ័យរួចហើយក៏ដោយ។

ការជំរុញបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ខណៈដែលលោកមាន ចាន់យ៉ាដា តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិលនិងតំណាងគណបក្សនយោបាយទាំងអស់។

កម្មវិធីនេះ ក៏បានពិភាក្សារួមលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, ការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ជាមួយនិងការចែកជូនប័ណ្ណសរសើរផងដែរ។

លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះគណៈកម្មកម្មការជាតិរៀបចំការបោះឆ្នោត ក្រោមការសហការជាមួយនឹងអាជ្ញាធរកម្លាំងមានសមត្ថកិច្ចក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលគណបក្សនយោបាយនានា យើងទទួលបាននូវភាពជោគជ័យ បើទោះបីមានការញុះញង់ពីគណបក្សប្រឆាំងយ៉ាងណាក្តី ។ ការបោះឆ្នោតនេះដែរ យើងក៏ទទួលបាន ពីការទទួលស្គាល់ពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោក , ការទទួលស្គាល់ពីគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត ,ការទទួលស្គាល់ពីអង្គការសង្គមនានាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ពិតជាមានភាពត្រឹមត្រូវ សេរី គោរពសិទ្ធិមនុស្ស។

ក្នុងឱកាសនោះដែរ លោកមាន ចាន់យ៉ាដា ក៏បានធ្វើការណែនាំឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ត្រូវបន្តការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនិងអង្គការក្រៅរដ្ឋាភិបាល , ជំរុញការលើកទឹកចិត្តគណបក្សនយោបាយវិស័យឯកជន អ្នកព័ត៌មាន(ដោយអនុវត្តតាមគោលការណ៍ច្បាប់)។ បន្តការជំរុញអប់រំផ្សព្វផ្សាយពីការបោះឆ្នោត បន្តការគាំទ្រទាំងស្មារតី និងសម្ភារៈដល់សង្កាត់ទាំង១០៥ ដើម្បីឲ្យការអនុវត្តការងារ កាន់តែល្អប្រសើរថែមទៀត។ បង្កើននូវវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ចំពោះមន្ត្រីបោះឆ្នោតសំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង