ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ

44

(ភ្នំពេញ)៖ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

គួរជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ក្រុមអង្គរក្សទាំងនេះបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។

បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ក្រោយចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងចាត់ការបន្ដតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្កិចគ្នាជាមួយក្រុមអង្គរក្សរបស់ម្ចាស់ក្រុមហ៊ុនពិភពដីមាសផងដែរ រហូតកម្លាំងសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធដើម្បី គ្រប់គ្រងស្ថានការណ៍នៅកន្លែង ហើយឃាត់ខ្លួនទាំងក្រុមអង្គរក្សនោះផងដែរ។

សូមរំលឹកថា ឧកញ៉ា ហ៉ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃនេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង