ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកម៉ូតូកង់បីសារភាពថា ៖ ខ្លួនពិតជាបានប៉ុនប៉ងលួចយកទ្រព្យសម្បត្តិរបស់ស្រ្តីជនជាតិបារាំង ពិតប្រាកដមែន

88

 

បាត់ដំបង៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ២០:២៣ នាទី នៅចំណុចក្រុមទី ១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងយើងបានចុះប្រតិបត្តិការបង្ក្រាបករណី ប៉ុនប៉ងលួចដោយចេតនាមានស្ថានទម្ងន់ទោស ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ទេព ភាឡី ហៅ លីង ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ ។

កាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ០៤:០៧ នាទី នៅចំណុចលើផ្លូវបេតុង ស្ថិតនៅក្នុងភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូកង់បី ដឹកជនរងគ្រោះ ឈ្មោះ DIETSCHY HELENE EMMA ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិ បារាំង ពីចំណុចផ្លូវបេតុងក្រោយផ្សារវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនរងគ្រោះប្រាប់ថាអោយជូនទៅផ្ទញសំណាក់ ពេជ្រ ខៀវ ប៉ុន្តែជនសង្ស័យខាងលើមិនបានជូនទៅផ្ទះសំណាក់ទេ ហើយជិះទៅតាមផ្លូវបេតុងក្រោយផ្សារ ភួ ពុយ ពេលនោះជនរងគ្រោះបានប្រាប់ថាអោយឈប់ ប៉ុន្តែជនសង្ស័យខាងលើមិនឈប់ ទើបបត់ឆ្វេងបណ្តាលឲ្យក្រឡាប់ម៉ូតូកង់បី ហើយជនរងគ្រោះក៏បានរត់ចេញ ពីកង់បីនោះ បណ្តាលឲ្យរងរបួស បាក់ម្រាមដៃកណ្តាល នឹងរលាត់ស្បែកលើច្រមុះ និងកែងដៃខាងស្តាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប៉ុនប៉ងលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះពិតប្រាកដមែន ។

វត្ថុតាងដកហូតរួមមាន – ម៉ូតូកង់បីឥណ្ឌា ពណ៌ ស ពាក់ផ្លាកលេខ បាត់ដំបង 1AF-7971(ត) ០១ គ្រឿង

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង