ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា- តួកគី ជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោ​បល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត

66

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅ​ទីក្រុង​អីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ ជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binali Yıldırım) ប្រធានរដ្ឋសភា និងជាអតីត​នាយក​រដ្ឋមន្រ្តីតួកគី។

នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនឹងការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើក ស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគីឲ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រ​ទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលបីឆ្នាំ២០១៣កន្លង​ទៅ។

ក្នុងជំនួបទល់មុខគ្នានោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានសភាតួកគី បានធ្វើការ​ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅ លើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោ​បល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុង​នោះ រួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភាតួកគី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សម្តេចតេ ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ ឯកឧត្តមប្រធានសភាដែរថា សម្តេចតែងតែចង់មកកាន់ ប្រទេសតួកគីនេះជាយូរមកហើយ ព្រោះថាតួកគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារ នៅសាធារណរដ្ឋ តួកគី។

ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភាតួកគី បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ក្នុងការជំរុញឲ្យមាន ការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីគ្រប់កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង​ពីរកាន់តែមានកម្រិតខ្ពស់ថែមទៀត។ បន្ទាប់ពីបានចំណាយពេលនៃជំនួបពិភាក្សាទល់មុខគ្នារួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភាតួកគី បានអញ្ជើញលំហែកាយក្នុងបរិ​វេណ នៃវិមានរដ្ឋាភិបាលក្នុងទីក្រុងអីស្តានប៊ុល ពិសេសការស្រូបយកខ្យល់អាកាសបរិសុទ្ធ មាត់ សមុទ្រមុននិងពិធីទទួលទានអាហារការងារពេលថ្ងៃ។

ឯកឧត្តមប្រធានរដ្ឋសភាតួកគី​ បានមានប្រសា​សន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសយក ប្រទេសតួកគីសម្រាប់ដំណើរបំពេញទស្សនកិច្ចការងារជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។ ឯកឧត្តមប្រធានសភាបានឯកភាពទៅនឹងទស្សនៈលើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនខ្ពង់ខ្ពស់ ថែមទៀត។
​​
បន្ទាប់ពីការអញ្ជើញពិភាក្សាការងារជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binali Yidirim) ប្រធានរដ្ឋសភា និងជាអតីត​នាយក​រដ្ឋមន្រ្តីតួកគី រួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ ដែលរៀបចំដោយឯកឧត្តមប្រធានរដ្ឋសភាតីតួកគី ជូនចំពោះសម្តេចតេជោនាយក​រដ្ឋ​មន្រ្តី និងគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ដែរថា តួកគី និងកម្ពុជា ជាប្រទេសដែល មានអរិយធម៌យូរណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជាត្រូវបាន គេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសតួកគីត្រូវបានគេស្គាល់ តាមរយៈចក្រភព ប៊ីហ្សេនថាញ់​(Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman) ។

បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធា​រណរដ្ឋតួកគី មានចំណងមិត្តភាព ផ្នែកការទូតទើបតែជាងពីរទសវត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរ មានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ ជាក់ស្តែងប្រទេសទាំងពីរបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងបណ្តាស្ថាប័នអន្តរជាតិផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង