ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករម្នាក់ដែលរំលោភ សម្លាប់ក្មេងស្រី២នាក់បងប្អូន នៅស្រុកបរិបូរណ៌ ចាប់បានហើយ

96

កំពង់ឆ្នាំង៖ ឃាតករដៃដល់ដែលសម្លាប់ក្មេងស្រី២នាក់បងប្អូនបង្កើត នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានហើយ បន្ទាប់ពីការសួរនាំរយៈពេល២ថ្ងៃ ហើយ ឃាតករ មិនមែនជាពូទេរបស់ក្មួយស្រីនោះទេ ឥឡូវនេះសមត្ថកិច្ចកំពុងតែនាំឃាតករ ទៅធ្វើត្រាប់រាល់សកម្មភាពដែលគេបានប្រព្រឹត្តនៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី២១ ខែតុលានេះ។

 លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ការសម្លាប់ក្មេងស្រីទាំង២នាក់នេះ បានកើតឡើងពីករណីរំលោភ ហើយសម្លាប់ចោលតែម្តង។
ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែកឆោឡោឲ្យគេជួយ ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ខ្ទប់មុខឲ្យថប់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។
លោកស្នងការបានបញ្ជាក់ដែរថា ប្រតិបត្តិការស្រាវជ្រាវបង្រ្កាបឃាតកររូបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលទទួលផ្នែកព្រហ្មទណ្ឌ។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ក្រោយមានអំពើឃាតកម្មនេះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមា របស់ក្មេងស្រីរងគ្រោះ និងជនដៃដល់ទៅសួរនាំផងដែរ។

លោកបានបន្ថែមថា ពីដំបូង ជនសង្ស័យប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ច ជនសង្ស័យក៏បានសារភាព។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ។ ក្រោយការឃាត់ខ្លួនជនសង្ស័យហើយ កម្លាំងនគរបាលបាននាំជនដៃដល់ទៅធ្វើត្រាប់ នៅទីកន្លែងកើតហេតុផងដែរ។

សូមបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ​ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះទាំង២នាក់ ទី១៖ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ.ធ.ត អាយុ៧ឆ្នាំ​ មាន ឪពុកម្ដាយ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រ នៅរាជធានីភ្នំពេញ និងឪពុក ទៅធ្វើកម្មករនៅប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង