ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះសិប្បកម្មកែច្នៃ កៅអីមួយកន្លែងអស់ទាំងស្រុង នៅខណ្ឌច្បារអំពៅ ដោយសារឆ្លងចរន្ដអគ្គីសនី

77

(ភ្នំពេញ)៖ ករណីភ្លើងឆេះនៅសិប្បកម្មកែច្នៃកៅអី មួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩៖៥០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចសិប្បកម្មកែច្នៃកៅអី ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យ ដើម្បីទៅអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿង ក្នុងនោះរួមមាន៖​ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់២៥ឡាន ស្មេីរនឹង ៩៦ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តរបស់សាលា ខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប និងរថយន្ដបុរី ប៉េង ហួត បឹងស្នោ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ (១០ម៉ែត្រ គុណ ៣០ម៉ែត្រ) បានឆេះអស់ទាំងស្រុង ក្នុងរួមមាន ឆេះកៅអីដែកអស់ប្រហែល ៩៥០កៅអី, ឆេះឈើមុខតុប្រហែល ៤៥សន្លឹក នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់បន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១១៖៣០នាទីយប់នាថ្ងៃខែឆ្នាំដែរ។ ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើយ រឺឯមូលហេតុ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង