ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានកំណត់យកការគាំពារសុខុុមាលភាពប្រជាជន ជាវិស័យអាទិភាព ក្រោមទិសស្លោក “មិនទុកឱ្យប្រជាជនណាម្នាក់ មិនបានទទួលការថែទាំសុខភាពឡើយ”

33

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារជនងាយរងហានិភ័យ” ដោយ សម្តេច បានមានប្រសាសន៍លើកទ្បើងថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាពេទ្យដែលធំជាងគេនៅកម្ពុជា ហើយអាចអនុញ្ញាតឱ្យអ្នកជំងឺប្រមាណជាងមួយម៉ឺននាក់សម្រាក និងព្យាបាលប្រកបដោយគុណភាព និងភាពជឿជាក់ ដើម្បីទទួលបានការជួយសង្គ្រោះអាយុជីវិត ។

អ្វីដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត គឺសបញ្ជាក់អំពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយក្នុងដំណាក់កាលនោះ មិនមានប្រទេសណាមួយបានត្រៀមលក្ខណៈទុកជាមុនសម្រាប់ជំងឺឆ្លងរីករាលដាលទ្រង់ទ្រាយធំកម្រិតសាកលបែបនោះទ្បើយ ជាពិសេស ការបង្កនូវហានិភ័យដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ច តាមរយៈការវាយប្រហារព្រមៗគ្នាលើគ្រប់បណ្តាប្រទេសទូទាំងសាកលលោក ។ ឈរលើមូលដ្ឋានខាងលើ ទើបរាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យដ៏ធំនេះឡើង ដើម្បីត្រៀមបង្ការការរាតត្បាតឡើងវិញនៃជំងឺកូវីដ-១៩ ឬជំងឺឆ្លងប្រភេទផ្សេងៗទៀត នាពេលខាងមុខ ហើយក៏អាចជាទីកន្លែងសម្រាប់ពិនិត្យ និងព្យាបាល ជូនដល់ប្រជាជន ស្របតាមចក្ខុវិស័យវែងឆ្ងាយ និងជាយុទ្ធសាស្ត្រក្នុងការត្រៀមការពារស្ថានការណ៍យថាហេតុរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគុណតម្លៃនៃអាជីពជាពេទ្យ ដោយបានប្រៀបប្រដូចអាជីពនេះទៅនឹងទេវតា ហេតុនេះហើយ ការវិនិយោគទៅលើវិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាអាទិភាពចម្បងសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ ។ បំណងរបស់រាជរដ្ឋាភិបាល គឺផ្តល់អាទិភាពជូនដល់ប្រជាពលរដ្ឋ (ការផ្តល់សន្ទូច) ដើម្បីអាចទៅរកត្រីដោយខ្លួនឯង ដែលនឹងក្លាយជានិរន្តភាពនៃការរស់នៅ ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនព្រងើយកន្កើយក្នុងការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពស្ទូចត្រីនោះទើ្បយ ព្រោះកត្តាប្រឈមទាំងផ្នែកសុខភាព ឬផ្នែកណាមួយ យើងបានផ្តល់សេវាជួយថែទាំយ៉ាងយកចិត្តទុកដាក់ និងមានការគិតគូរខ្ពស់ទាំងលើសេវាសុខាភិបាល ឬសេវាសង្គមផ្សេងៗ ។ ក្នុងន័យនេះ ការផ្តល់សេវាសុខភាព ឆ្ពោះទៅការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដោយកំណត់ការបែងចែកផ្លែផ្កា និងផលលាភ នៃការអភិវឌ្ឍប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាល គឺជួយដល់ប្រជាពលរដ្ឋចំគោលដៅនៃតម្រូវការ, ការលំបាក និងភាពចាំបាច់ ដើម្បីទទួលបាននូវសេវាកាន់តែល្អប្រសើរ ប្រយោជន៍លើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែសម្បូរសប្បាយ ។

សម្តេចធិបតី ក៏មានប្រសាសន៍ផងដែរថា ពេលនេះរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាលដល់គ្រួសារជនងាយរងហានិភ័យ” មានចំនួនសរុប ៤៩៣.៤៧៧ គ្រួសារ ឬស្មើនឹង ១.៨៣៤.៨០១ នាក់ ដែលនឹងទទួលបានការគាំពារសុខភាពពីរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ក្នុងនោះរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ, សេវាពន្យាកំណើត, សេវាសម្រាកព្យាបាលទូទៅ, សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលវះកាត់តូច, សេវាព្យាបាលវះកាត់ធំ និងសេវាសម្រាលកូន ។ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺនឹងធានាឱ្យបានជាមន្ទីរពេទ្យរដ្ឋ ជាទីកន្លែងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ និងជាទីពឹងពាក់ដ៏គួរឱ្យទុកចិត្តរបស់ប្រជាជនកម្ពុជា ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញផងដែរនូវអនុសាសន៍គន្លឹះចំនួន ៥ ជូនដល់ថ្នាក់ ដឹក នាំ និងមន្រ្តីគ្រ ប់ លំដាប់ ថ្នាក់ នៃ ក្រសួង សុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី យកទៅអនុវត្ត មានដូចជា៖ ទី១. ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាព សេវាសុខាភិបាល នៅ ថ្នាក់ ក្រោម ជាតិ, ទី២. បន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌, ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និង ជំនាញទន់, ទី៤. រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ ឬរឹតបន្តឹងការផលិត, ការកែច្នៃ, ឬការនាំចូលម្ហូបអាហារ និងគ្រឿងបរិភោគ ដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជន និងទី៥. ពន្លឿន ការប្រើប្រាស់ប្រព័ន្ធឌីជីថល និង ការដាក់ចេញ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ។

អត្ថបទដែលជាប់ទាក់ទង