ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍ទាំង៤របស់ប្រទេសចិន ក្នុងរដ្ឋធានីប៉េកាំង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល

61
រដ្ឋធានីប៉េកាំង ប្រទេសចិន៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសិទអន្តរជាតិដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន លើទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង (International Symposium to Commemorate the 10th Anniversary of China’s Principle of Amity, Sincerity, Mutual Benefit, and Inclusiveness in Neighborhood Diplomacy)។ សន្និសិទអន្តរជាតិនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងមានការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។
នាឱកាសថ្លែងសុន្ទរកថាក្នុងសន្និសិទអន្តរជាតិនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីលទ្ធផលជាវិជ្ជមានសំខាន់ៗ ដែលកើតមានឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ដោយឈរលើគោលការណ៍ទាំង៤ គឺមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី Xi Jinping កាលពី ១០ឆ្នាំមុន។
លទ្ធផលគួរឱ្យកត់សម្គាល់ដែលសម្រេចបានពីគោលការណ៍ទាំងនេះរួមមាន ការរក្សាបាននូវស្ថិរភាពក្នុងតំបន់ ការផ្តល់ផលប្រយោជន៍ជារួមលើកិច្ចការអភិវឌ្ឍនៅក្នុងតំបន់ ជាក់ស្តែងកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានផ្តល់នូវការតភ្ជាប់ កំណើនសេដ្ឋកិច្ច និងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
សមិទ្ធផលដែលកើតចេញពីកម្មវិធីនេះមានជាអាទិ៍ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្លូវល្បឿនលឿនតភ្ជាប់ក្រុងភ្នំពេញទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតភ្ជាប់ទៅព្រំប្រទល់វៀតណាម ព្រមទាំងផ្លូវដទៃផ្សេងៗជាច្រើនទៀតប្រមាណ ៣០០០គីឡូម៉ែត្រ។
កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានជួយប្រជាជនកម្ពុជាឱ្យចាកផុតពីភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ត្រឹមឆ្នាំ២០៥០។ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន មានសក្ខីភាពរួចជាស្រេចដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលផ្តល់ការសហការ និងយោគយល់ជាច្រើនដល់ប្រទេសនៅក្នុងតំបន់។
មុនបញ្ចប់សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើទស្សនទាន ដែលមនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ។ ឆ្លុះបញ្ចាំងលើទស្សនទាននេះ កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ បានជួយជំរុញឱ្យកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ អាចពង្រីកខ្លួនបានកាន់តែធំជាងមុខ ខណៈពេលដែលសមុទ្រនៃភាពក្រីក្រត្រូវបានកាត់បន្ថយ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរកម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការរួមគ្នាបន្តទៅមុខទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល៕
អត្ថបទដែលជាប់ទាក់ទង