ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសារព័ត៌មាន៤រូប ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួន

50

 

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះនៅតែមានអ្នកសារព័ត៌មាន ជាបន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួនពីសមត្ថកិច្ច ពាក់ព័ន្ធនឹងការបំពានលើក្រមសីលធម៌និងវិជ្ជាជីវៈ ដែលនាំឱ្យប៉ះពាល់ដល់ការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូបត្រូវ បានសមត្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួន ដែល ក.អ.ក យល់ថា អាចមកពីកង្វះខាតក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារព័ត៌មាន ។

ក.អ.ក មិនបានចាត់ទុកករណីនេះជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក ចង់រំលេចឱ្យឃើញនោះគឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួមទាំងការលើកទឹកចិត្តអ្នកសារព័ត៌មាន ក្នុងការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារព័ត៌មានជាច្រើនបានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ។ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួន ហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឱ្យមានការឃាត់ខ្លួន ដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ។

ក.អ.ក ចាត់ទុក ក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មាន ពីការចោទប្រកាន់ពីបទល្មើស ឬឃាត់ខ្លួននោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេះហើយ ដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មាន ក្នុងការលើកកម្ពស់ជីវភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។

ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ ដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាព សារព័ត៌មានផងដែរ។

ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានទាំងអស់ នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគម សារព័ត៌មាន ផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន និង អ្នកសារព័ត៌មាន រក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ ចៀសវាងភាពអសកម្មដែលនាំឱ្យ ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាន នៅកម្ពុជា ។

ក.អ.ក សូមជម្រាបជូនថា នៅចុងឆ្នាំនេះ ក.អ.ក នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២០ ដែលជាវេទិកាដ៏មានសារសំខាន់ និងធំជាងគេរបស់ ក.អ.ក ដោយផ្តោតលើប្រធានបទស្តីពីក្រមសីលធម៌និងវិជ្ជាជីវៈមកពិភាក្សា និងបំពេញបន្ថែមលើចំណុចខ្វះខាត ហើយនឹងចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ដែលរំពឹងថា នឹងជួយរម្លឹកដល់អ្នកសារព័ត៌មាន ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តនិងលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន នៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង