ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើ និងសំណូមពរជាច្រើន លើការយកពន្ធដារលើអចលនទ្រព្យ

73

 

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅបានលើកឡើងជាសំណើនិងសំណូមពរជាច្រើនដែលសំណើរ និងសំណូមពរទាំងនោះ ការយកពន្ធដារលើអចលនទ្រព្យ ក៏ជារឿងសំខាន់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងជាច្រើននាក់ផងដែរ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ។

ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោកជួប ខុន តំណាងអោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធអភិបាលរងរាជធានីតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ ។

ពលរដ្ឋបានលើកឡើងថា៖ ការប្រមូលពន្ធទៅលើដី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានមន្ត្រីយកពន្ធ យកលើសកំណត់ បើទោះបីចំណែកដីខាងមុខផ្ទះរបស់គាត់ត្រូវបានរដ្ឋកាត់យកជាចំណីផ្លូវសាធារណៈហើយក្តី ក៏ខាងខាងពន្ធដារ នៅតែគិតតម្លៃដូចមុន ពោលគឺដីដែលបានកាត់នោះនៅតែបង់លុយដដែល។ ប្រជាពលរដ្ឋដូចគ្នានេះដែរក៏បានលើកឡើងថា ពួកគាត់មិនបានដឹងថា ផ្ទះរបស់គាត់ជាប់ពន្ធនោះទេ តែបែជាមន្ត្រីពន្ធដារយកវិក័យប័ត្រមកបង្ហាញជាមួយនឹងការផាកពិន័យជាង១០លានរៀល ខណៈដែលពួកគាត់មិនបានដឹងទាល់តែសោះ។ ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងវិស័យពន្ធដារខាងលើ ការបង់ថ្លៃសំរាមសូមឱ្យដាក់ជាវិក័យប័ត្រតែ១។ ការសុំការជួសជុលស្ពានព្រែកអ្នកតាវាំង ការសូមដោះស្រាយបញ្ហាប្រឡាយបង្ហូរទឹក ការសូមស្ថាបនាលូ ការសុំតបណ្ដាញទឹកស្អាត និងការសុំឲ្យក្រុមហ៊ុនស៊ីនទ្រីដាក់រទេះតូចៗដឹកសំរាមតាមផ្លូវតូចៗ ក៏ជាការលើកឡើងនិងការស្នើសុំរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរក្នុងវេទិកានេះផងដែរ។

ពាក់ព័ន្ធនឹងសំណើនិងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធនឹងពន្ធដារ នេះត្រូវបានមន្ត្រីពន្ធដារ លើកឡើងថា៖ ការបង់ពន្ធអចលនៈទ្រព្យ ចាប់ពីពេលនេះទៅរហូតដល់ចុងឆ្នាំ២០២៤ ការបង់ពន្ធអចនទ្រព្យនេះ គឺមិនត្រូវបានផាកពិន័យនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋដែលជាប់ពន្ធអាចទៅបង់ពន្ធទៅតាមតម្លៃពន្ធតែប៉ុណ្ណោះ មិនមានការផាកពិន័យទេ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅក្នុងឱកាសនោះបាន បកស្រាយបំភ្លឺជុំវិញការលើកឡើង
របស់បងប្អូនប្រជាពលរដ្ឋ ដោយអាជ្ញាធរនិងពិនិត្យលទ្ធភាពដើម្បីធ្វើទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ។

លោកស៊ុយ សេរិទ្ធ បានលើកឡើងថា៖ វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន១៣នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន៧៨ច្បាប់ ហើយរាល់សំណើរនិងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត ។ ចំពោះ សំណើរជាលាយលក្ខណ៍អក្សររទាំង៧៨ច្បាប់ ក្រុមការងារនឹងប្រជុំពិ
ភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។

លោក ជួប ខុន បានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម៕

អត្ថបទដែលជាប់ទាក់ទង